ភ្លើងឆេះព្រៃសកម្មជាង ១៣០កន្លែង គំរាមកំហែងកាណាដា

ភ្លើងឆេះព្រៃសកម្មប្រហែល ១៣៤កន្លែង បាននឹងកំពុងលេបត្របាក់ផ្ទៃដីពាសពេញប្រទេសកាណាដា ក្នុងនោះភ្លើងឆេះព្រៃជាងពាក់កណ្តាលមន្រ្តីពន្លត់អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ។

ជាការឆ្លើយតប អាជ្ញាធរកាណាដាកំពុងជម្លៀសប្រជាជនជាង ១៧.០០០នាក់ចេញពីខេត្ត Manitoba ខណៈដែលខេត្តមួយនេះ ជួបប្រទះគ្រោះមហន្តរាយអាក្រក់បំផុតមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំ ក្នុងកំលុងរដូវកាលភ្លើងឆេះព្រៃ។

ជាមួយគ្នានេះ អភិបាលខេត្ត Manitoba លោក Wab Kinew បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលបានប្រកាសស្ថានភាពអាសន្នទូទាំងខេត្តតែម្តង ដើម្បីបង្ការគ្រោះថ្នាក់ពីភ្លើងឆេះព្រៃ ហើយលោកក៏បានស្នើសុំជំនួយពីលោកនាយករដ្ឋមន្ត្រី Mark Carney ឱ្យបញ្ជូនយោធាជួយជម្លៀសប្រជាជន និងពន្លត់ភ្លើងឆេះព្រៃផងដែរ។

គួរបញ្ជាក់ថា បញ្ហាប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លើងឆេះព្រៃទូទាំងប្រទេសកាណាដាកើតឡើងកាន់តែញឹកញាប់ និងកាន់តែអាក្រក់ជាងពេលមុនៗ។ តួយ៉ាង ប្រទេសមានភូមិផងរបងជាប់សហរដ្ឋអាមេរិកមួយនេះ បានរងគ្រោះធ្ងន់ធ្ងរពីភ្លើងឆេះដ៏កំណាចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលកាណាដារងការបំផ្លិចបំផ្លាញធំបំផុតក្នុងកំណត់ត្រា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close