ក្រឡាប់រថភ្លើង ស្លាប់មនុស្ស ៧នាក់ នៅរុស្ស៊ី
យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីស្ពានមួយបានបាក់ធ្លាក់លើផ្លូវរថភ្លើងក្នុងតំបន់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យរថភ្លើងមួយគ្រឿងក្រឡាប់។
ប្រតិបត្តិករផ្លូវដែកជាតិរុស្ស៊ី បានបង្ហោះសារលើ បណ្ដាញសង្គម Telegram ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ១០និង៤៤នាទីយប់ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅទីតាំងរវាងស្ថានីយ៍ Pilshino និង Vygonichi ក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែន និងបេឡារុស។
លោក Alexander Bogomaz អភិបាលតំបន់ Bryansk បានបង្ហោះសារលើបណ្តាញសង្គម Telegram ថា ហេតុការណ៍បាក់ស្ពានធ្លាក់លើផ្លូវរថភ្លើង បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ៦៦ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានកុមារបីនាក់ផងដែរ។
មកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បញ្ចេញមូលហេតុបង្កឲ្យមានឧបទ្ទវហេតុបាក់ស្ពានធ្លាក់លើផ្លូវរថភ្លើងនេះទេ ប៉ុន្តែរុស្ស៊ីសន្និដ្ឋានថា ទំនងជាថ្វីដៃអ៊ុយក្រែន ខណៈព្រះរាជអាជ្ញាកំពុងបើកការស៊ើបអង្កេត។
រុស្ស៊ីបានរងការវាយប្រហារដោយបំផ្លិចបំផ្លាញរាប់សិបដង ចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលភាគច្រើនផ្តោតលើបណ្តាញផ្លូវដែកដ៏ធំរបស់រុស្ស៊ី។
អ៊ុយក្រែនបានចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់ផ្លូវដែក ដើម្បីដឹកជញ្ជូនទាហាន និងសព្វាវុធដល់កងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។