ថៃ ហាមឃាត់ម៉ូតូ និងរទេះចេញចូលនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមយោធាថៃបានបន្តការសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានរឹតបន្តឹងការចេញ-ចូល នៅច្រកអន្តរជាតិប៉ោយប៉ែត ដោយមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះប្រជាពលរដ្ឋចេញ-ចូលនោះទេ និងមិនបានជូនដំណឹងមុនមកភាគីកម្ពុជាឡើយ។
បើតាមលោក អ៊ុំ រាត្រី សម្រាប់រថយន្ត និងអ្នកថ្មើរជើង គឺអាចបន្តធ្វើដំណើរចេញ-ចូលធម្មតាតាមម៉ោងកំណត់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាចដដែល។
នេះគឺជា វិធានការរឹតបន្តឹងថ្មីមួយទៀតហើយរបស់ក្រុមយោធាថៃ ដោយឯកតោភាគីមកដល់កម្ពុជា។ កន្លងទៅនេះ កម្ពុជាក៏បានប្រើប្រាស់វិធានការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបចំពោះភាពប្រមាថ និងគគ្លើនរបស់ថៃ ទាំងការបិទច្រក ទាំងការបិទខ្ទប់បន្លែផ្លែឈើ បិទការនាំចូលប្រេងឥន្ធនៈ ការផ្ដាច់អគ្គីសនី និងអុិនធើណេតជាដើម៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។