ទឹកជំនន់ វាយប្រហារភាគនិរតីប្រទេសចិន មនុស្សជាង ៨ម៉ឺននាក់ ត្រូវជម្លៀសចេញ
ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ និងធ្វើឱ្យទឹកទន្លេជន់លិច បានបង្កជាគ្រោះទឹកជំនន់នៅក្នុងតំបន់ចំនួន២នៃខេត្ត Guizhou ស្ថិតនៅភាគនិរតីប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀស ប្រជាជនទ្រង់ទ្រាយធំទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថាគិតត្រឹមម៉ោង ២៖៣០នាទីរសៀល ថ្ងៃអង្គារ ទី២៤ ខែមិថុនា ប្រជាជន ៤៨ ៩០០នាក់ នៅក្នុងតំបន់ Rongjiang និង៣២ ០០០នាក់ ក្នុងតំបន់ Congjiang ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ខេត្ត Guizhou និងផ្នែកជាច្រើនទៀតនៃភាគខាងត្បូងប្រទេសចិនបានពើបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពី សប្ដាហ៍មុនមកម្ល៉េះ ក្នុងពេលរដូវមូសុងអាស៊ីបូព៌ាប្រចាំឆ្នាំបាននាំមកនូវភ្លៀងធ្លាក់កាន់តែច្រើន។
គួរបញ្ជាក់ថា ខណៈប្រទេសចិនតែងតែជួបប្រទះគ្រោះទឹកជំនន់ក្លាយជារឿងធម្មតាទៅហើយ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថាការប្រែប្រួលអាកាសធាតុគឺជាហេតុផលមួយធ្វើឱ្យ ភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។