នៅសណ្ឋាគារ ៧មករា ក្នុងទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ បានប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា និងធ្វើការផ្សព្វផ្សាយពីលទ្ធផលរបស់មហាសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥

ពិធីដ៏អធិកអធមនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកំពង់សៀម អមដោយប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល សមាជិក សមាជិកាបក្សស្រុក ឃុំ ភូមិ យុវជនកាយរិទ្ធ យុវជន សសជក លោកគ្រូ អ្នកគ្រូ ក្រុមការងារស្រ្តីឃុំ សរុបប្រមាណ ៥៥០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តសប្បាយរីករាយ។

បន្ទាប់ពីលោក គឹម ឌី ប្រធានគណ:កម្មការគណៈបក្សស្រុក បានអានរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តមប្រធានក្រុមការងារបានធ្វើការបកស្រាយជូនសមាជិក សមាជិកានៃអង្គពិធីដោយសង្ខេបអំពីខ្លឹមសារនិងអត្ថន័យជាប្រវត្តិសាស្ត្រនៃខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្មះ ៧មករា ដែលកំពុងប្រារព្វនាពេលនេះ។

ថ្ងៃជ័យជម្នះ ៧មករា គឺជាទំព័រប្រវត្តិសាស្រ្តថ្មីមួយដែលប្រទេសជាតិ និងប្រជាជនត្រូវបានរំដោះចេញពីរបបពិជឃាតប្រល័យពូជសាសន៍ ប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងអស់ជាង ៣ លាននាក់ តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកំលាំង ជំងឺ និងជារបបខ្មៅងងឹតមួយដែលពលរដ្ឋរស់នៅជា សហករណ៍ សមូលហភាព កម្មសិទ្ធិសួនរួម និងគ្រប់គ្រងដោយអង្គការផ្តាច់ការ។ យល់ឃើញច្បាស់ពីភ័យមហន្តរាយរបស់ប្រទេសជាតិ និងប្រជាជននេះហើយ បានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណ: វីរ:យុទ្ធជន វីរ:យុវនារី បានលះបង់សាច់ស្រស់ ឈាមស្រស់ក្រោកឈរឡើងយ៉ាងអង់អាចក្លាហានរួមសាមគ្គីគ្នាប្រយុទ្ធ តតាំងដើម្បីរំដោះជាតិ មាតុភូមិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍នេះ រហូតទទួលបានជ័យជម្នះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ទំព័រសករាជថ្មីជាប្រវត្តិសាស្ត្រ បានបើកឡើងវិញនៅលើមាតុភូមិកម្ពុជា ធ្វើឲ្យប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណ: ជនជាតិ និងជំនឿសាសនានៅទូទាំងផ្ទៃប្រទេសទទួលបានយ៉ាងពេញលេញនូវសិទ្ធិ សេរីភាព សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់រហូតសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យដូចយើងបានឃើញជាសក្ខីភាព។ សេដ្ឋកិច្ចជាតិរីកចម្រើន កំណើនប្រជាជនកើនឡើង ទាមទារឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវផែនការ និងគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែររីកចម្រើនបន្ថែមទៀត ឆ្លើយតបទៅតាមលោកាវិវឌ្ឍន៍របស់សកលលោក និងសេចក្តីត្រូវការជាចាំបាច់របស់ប្រទេសជាតិ និងប្រជាជន។ ពិតណាស់ ដើម្បីបន្តរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ជាចាំបាច់ប្រជាជនយើងត្រូវខិតខំប្រឹងប្រែងចូលរួមគាំទ្រ ការពារ និងថែរក្សានូវសមិទ្ធផលទាំងអស់នោះឲ្យបានគង់វង្សយូរអង្វែង និងសូមឲ្យស្មារតី ៧មករាស្ថិតនៅជាអមត:។

ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមបានធ្វើអត្ថាធិប្បាយដោយសង្ខេបជូនអង្គពិធីជ្រាបពីការវិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចអន្តរជាតិនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច នយោបាយ សង្គម និងហេដ្ឋារចនាសម័្ពន្ធសំខាន់ៗដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស និងជាពិសេសឯកឧត្តមបាននាំយកលទ្ធផលរបស់មហាសន្និបាតគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទាំង ១១ចំណុច រួមជាមួយផែនការ និងទិសដៅយុទ្ធសាស្រ្តអនុវត្តបន្ត ព្រមជាមួយអនុសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកផ្សព្វផ្សាយ និងបានធ្វើការណែនាំបន្ថែមដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងកងកំលាងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីប្រុង ប្រយ័ត្នខ្ពស់ក្នុងការការពារ និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ព័ណ៌គ្រប់រូបភាព ហើយចាំបាច់ត្រូវយកអស់ស្មារតីទទួលខុសត្រូវ បម្រើ និងផ្តល់សេវាជូនប្រជាជនដោយស្មោះត្រង់ ពេញលេញ សកម្ម ទូលំទូលាយ ទាន់ពេលវេលា មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសត្រូវបន្តអនុវត្តគោលនយោបាយ ក៣ (កើត អាពាហ៍ពិពាហ៍ និងមរណភាព) នៅមូលដ្ឋានស្រុកកំពង់សៀមឲ្យបានទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាព។

ដើម្បីបន្តការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ឯកឧត្តម រួមជាមួយសមាជិកក្រុមការងារបានឧបត្ថម្ភវត្ត

ពុទ្ធិការ៉ាមនៅឃុំក្រឡាចំនួន ៥ពាន់ដុល្លារ ឧបត្ថម្ភដល់គណ:កម្មការបក្សស្រុក ឃុំ ក្នុង១ឃុំៗទទួលបានថវិកា ១លានរៀន និងសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗ ២ម៉ឺនរៀល ហើយបានប្រកាសជាសាធារណ:ថានឹងកសាងស្នាក់ការបក្សស្រុកកំពង់សៀមនាពេលឆាប់ៗខាងមុខនេះផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close