ម៉ាឡេស៊ី ប្រើផ្កាយរណបតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកតាមដានទៅកាន់ ព្រំដែនកម្ពុជា និងថៃ ប្រសិនបើមានការស្នើសុំពីប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។

 

ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Anwar បានបញ្ជាក់ថាការសម្រេចចិត្តពាក់ព័ន្ធនឹងវត្តមានយោធាសម្រាប់ការតាមដានអាចនឹងត្រូវបានសម្រេចនៅពេលក្រោយ ខណៈស្ថានការណ៍ នៅតំបន់ព្រំដែនរវាងប្រទេសទាំង២កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ «មិនថាជាវត្តមានយោធាដែលជាតម្រូវការសម្រាប់ការតាមដាននឹងត្រូវបានសម្រេចនៅពេលក្រោយ។ ពីព្រោះ បច្ចុប្បន្នស្ថានការណ៍នៅតែបន្តស្ថិតក្រោមការគ្រប់គ្រង បើទោះជាមានភាពតានតឹងនៅឡើយក៏ដោយ»។ នេះជាការគូសបញ្ជាក់របស់លោក Anwar ដោយបន្ថែមថាម៉ាឡេស៊ីកំពុងតាមដានការអនុវត្តបទឈប់បាញ់ដោយប្រើផ្កាយរណប។

 

គួរបញ្ជាក់ថា បើតាមលោក Anwar Ibrahim មកទល់នឹងពេលនេះ កម្ពុជា និងថៃ បានស្នើឱ្យម៉ាឡេស៊ីជួយសម្របសម្រួលកិច្ចចរចារវាងក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ ប្រទេសទាំង២ ក្នុងទីក្រុងគូឡាឡាំពួនៅថ្ងៃទី៧ ខែសីហា៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close