Apple-Samsung ចាប់ដៃគ្នា ផលិតបន្ទះឈីប នៅរដ្ឋតិចសាស់
ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុន Samsung Electronics នឹងផ្គត់ផ្គង់បន្ទះឈីបពីរោងចក្ររបស់ខ្លួននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក សម្រាប់ផលិតផលរបស់ Apple រួមទាំង iPhone ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Apple បានបញ្ជាក់ថា៖ «រោងចក្រនេះនឹងផ្គត់ផ្គង់បន្ទះឈីបដែលជួយបង្កើនប្រសិទ្ធភាពថាមពល និងដំណើរការនៃផលិតផល Apple រួមមានទាំងឧបករណ៍ iPhone»។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការវិនិយោគបន្ថែម ១០០ ពាន់លានដុល្លាររបស់ Apple នៅសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យការវិនិយោគសរុបរបស់ក្រុមហ៊ុននេះកើនឡើងដល់ ៦០០ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla ក៏ទើបតែបានចុះកិច្ចព្រមព្រៀងតម្លៃ ១៦,៥ ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបពី Samsung ផងដែរ។ អ្នកវិភាគនៅក្រុមហ៊ុនមូលបត្រ Kiwoom Securities លោក Pak Yuak រំពឹងថា ការចុះកិច្ចសន្យាថ្មីៗទាំងនេះនឹងជួយកាត់បន្ថយការខាតបង់របស់ក្រុមហ៊ុន Samsung បានយ៉ាងច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។