អាមេរិក នឹងជួយក្នុងផែនការបញ្ជូនក្រុមការងារ ទៅព្រំដែនកម្ពុជា ថៃ តាមដានបទឈប់បាញ់
ប្រទេសម៉ាឡេស៊ី បានអះអាងថា អាមេរិកនឹងជួយគាំទ្រ ក្នុងផែនការបញ្ជូនក្រុមការងារ ចូលទៅតាមដានបទឈប់បាញ់ នៅព្រំដែន កម្ពុជា-ថៃ បន្ថែមជាមួយនឹងក្រុមអ្នកអង្កេតការណ៍អាស៊ាន នេះបើយោងតាមការលើកឡើងរបស់ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោក នីហ្សាម ចាហ្វា កាលពីថ្ងៃទី១៤ ខែសីហា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បឺណាម៉ា (Bernama) កាលពីថ្ងៃព្រហស្បតិ៍ លោក នីហ្សាម ចាហ្វា (Nizam Jaffar) បានលើកឡើងប្រាប់ ក្រុមអ្នកសារព័ត៌មាន ថា ៖ «នេះគឺជាកិច្ចការមួយដ៏ពិបាក ពីព្រោះព្រំដែនមានប្រវែង ជាង៨៤០គីឡូម៉ែត្រ ចាំបាច់ស្ថិតនៅក្រោមការតាមដាន។ ដើម្បីធ្វើកិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រ ឡូស៊ីស្ទីគ ពី សហរដ្ឋអាមេរិក»។
ជុំវិញការស្នើសុំឲ្យ ក្រុមការងារម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន ហៅកាត់ AOT លោក នីហ្សាម ចាហ្វា បានអះអាងថា រូបលោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើការទំនាក់ទំនងជាផ្លូវការ ជាមួយមេដឹកនាំកម្ពុជា និង ថៃ រួចរាល់ហើយ៕
ប្រភព៖ Aprasa TV11
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។