កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ ពិសេសបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

សូមជម្រាបថា កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន។ ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close