កម្រិតកម្ពស់ទឹកស្ទឹងសង្កែ ហក់ឡើងខ្ពស់ ១៣,៧៦ម៉ែត្រ អាចបង្កហានិភ័យ
រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០២ សីហានេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀងនៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។
ក្នុងស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់ នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។
ទន្ទឹមនេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។