កម្ពុជា នាំចេញផលិតផលកសិកម្មជាង ១០លានតោន ក្នុងរយៈពេល៨ខែ ឆ្នាំនេះ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិផលកសិកម្មចំនួន ១០ ៣៧៦ ០៣៣តោន ទៅកាន់ទិសដៅចំនួន ៨៤ប្រទេស កើនឡើងចំនួន ៣៥.៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះទទួលបានចំណូលចំនួន ៣ ៦២១លានដុល្លារអាមេរិក។

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានបញ្ជាក់ «ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសមានបរិមាណសរុប ១០ ៣៧៦ ០៣៣តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ០៣៤ ៣៦១.៩៣តោន, ស្រូវចំនួន ៤ ៨៤៨ ៨៣៥.៣៤តោន និងអង្ករចំនួន ៤៩២ ៨៣៦តោនទៅកាន់ទិសដៅ ៨៤ប្រទេស ដោយមានការកើនឡើងចំនួន ៣៥.៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំមានជាង ៣ ៦២១លានដុល្លារអាមេរិ ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង ២ ២៥៤លានដុល្លារអាមេរិក, តម្លៃពីការនាំចេញស្រូវមានជាង ៩៧៤ លានដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានជាង ៣៩២ លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃ តាមផ្លូវទឹកមានជាង ២៥៧លានដុល្លារអាមេរិក ស្មើនឹង៧.១០% ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវពុំមានការនាំចេញទៅប្រទេសថៃនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close