សត្វតោ ហែកស៊ីអ្នកថែសួនសត្វថៃម្នាក់ រហូតដល់ស្លាប់
បុគ្គលិកសួនសត្វម្នាក់នៅថៃ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់ក្រុមសត្វតោ ខាំ ហែកស៊ី នាំឲ្យមានការចោទជាសំណួរ អំពីសុវត្ថិភាព និងភាពស្របច្បាប់ នៃកម្មសិទ្ធិ លើសត្វកំណាច ប្រភេទនេះ សម្រាប់សួនសត្វ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃពុធ នៅឯសួន Safari World Bangkok។ ប្រធានផ្នែកការពារសត្វព្រៃ បានប្រាប់ ថា អ្នកស្លាប់គឺជាបុគ្គលិក សួនសត្វ ដែលតែងតែផ្តល់ចំណី ដល់សត្វតោ។
ប្រភពបាននិយាយថា ជាក់ស្តែង បុរសរូបនេះ ត្រូវបានសត្វតោ ធំៗ ចំនួនប្រាំមួយ ឬ ប្រាំពីរក្បាលខាំ នៅពេលលោក បានចេញពីឡាន។
Safari World អះអាងថា នឹងពិនិត្យឡើងវិញ ជាបន្ទាន់ និងពង្រឹងវិធានការសុវត្ថិភាព ដើម្បីការពារទប់ស្កាត់ កុំឱ្យឧប្បត្តិហេតុបែបនេះ កើតឡើងម្តងទៀត។
ក្រុមអភិរក្ស ថា ឧបទ្ទវហេតុនេះ ជាការរំលឹកយ៉ាងមុតមាំថា សត្វទាំងនេះ នៅតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្ស ខណៈដែលប្រជាជនថៃ ក៏ចូលចិត្តចិញ្ចឹម សត្វតោ នៅតាមផ្ទះដែរ។
កម្មសិទ្ធិលើសត្វតោ គឺស្របច្បាប់ នៅក្នុងប្រទេសថៃ ដែលនាំឲ្យចំនួនអ្នកចិញ្ចឹម បានផ្ទុះឡើង ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ក្នុងនោះ មានជិត៥០០ក្បាលបានចុះបញ្ជី អាចចិញ្ចឹម នៅក្នុងសួនសត្វ កសិដ្ឋាន ហាង និង ផ្ទះ។
គេហទំព័ររបស់សួនសត្វ Safari World និយាយថា អ្នកទស្សនា អាចចូលស្និទ្ធស្នាល និងផ្ទាល់ខ្លួនជាមួយសត្វព្រៃ ដូចជា ខ្លា តោ ខ្លាឃ្មុំ និង សេះបង្កង់ ដោយសេរី នៅទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។