មេឈ្មួញធំៗ កំពុងនាំគ្នាកាប់បំផ្លាញដើមឈើយ៉ាងមហន្តរាយព្រៃឡង់ក្នុងនៅ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ប្រភពពីប្រជាពលរដ្ធនឹងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានលួចខ្សឹបឲ្យដឹងថា៖ បច្ចុប្បន្ននេះព្រៃឡង់នៅចំណុចភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូកខេត្តស្ទឹងត្រែងកំពុងរងការកាប់បំផ្លាញយ៉ាងមហន្តរាយដោយគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន ឬមន្ត្រីរដ្ឋបាលព្រៃឈើ ចាត់វិធានការបង្ក្រាបនោះទេ។

ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទេនោះ គឺគ្មានក្រុមហ៊ុនឬជនល្មើសណាអាចកាប់ឈើដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ នៃឃុំសៀមបូក ស្រុកសៀមបូក យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្រុមហ៊ុនស៊ីបាយអូថេក កំពុងបំពានកាប់រំលំដើមឈើធំៗខាងក្រៅទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន ហើយអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មដោយគ្មានញញើតអ្វីឡើយ។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំសៀមបូក បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឈើធំៗជាដើមច្បោះជ័រ មុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិចកំពុងរងការកាប់រំលំជាបន្តបន្ទាប់ ហើយក្រុមហ៊ុនស៊ីបាយអូថេក បានប្រើរថយន្តបង្កុងជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ក្នុងឃុំសៀមបូក ទេនោះគឺក្រុមហ៊ុនស៊ីបាយអូថេក មិនអាចធ្វើសកម្មភាពកាប់រំលំដើមឈើ អារច្រៀកឈើ ដឹកចេញពីព្រៃឡង់យ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យព្រៃឡង់ក្នុងឃុំសៀមបូក ត្រូវប្រឈមនឹងសេចក្ដីវិនាស ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់មុនពេលព្រៃឡង់ក្នុងស្រុកសៀមបូក ត្រូវវិនាសហិនហោចអស់។

សេចក្ដីរាយការណ៍ពីសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈ្មោះ សុខ ជា ដែលជាមេការគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីបាយអូថេក គឺជាអ្នកដឹកនាំបញ្ជាកម្មករនិងប្រជាពលរដ្ឋឲ្យចូលកាប់ឈើ អារច្រៀកឈើ ដឹកចេញពីព្រៃឡង់ក្នុងឃុំសៀមបូក ជារៀងរាល់ថ្ងៃ។ ជាពិសេសដើមច្បោះជ័រធំៗដែលជាមុខរបរប្រពៃណីជនជាតិដើមភាគតិចផលិតជ័រទឹកលក់យកលុយដោះស្រាយជីវភាពប្រចាំថ្ងៃ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយចៀសមិនផុតឡើយ។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំសៀមបូក ស្រុកសៀមបូក បានឲ្យដឹងថា នៅពេលពួកគាត់ឃើញបទល្មើសកើតឡើងតែងរាយការណ៍ទៅមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធឲ្យចាត់វិធានការទប់ស្កាត់ ក៏ប៉ុន្តែសេចក្ដីរាយការណ៍របស់ពួកគាត់គឺជារឿងឥតន័យ។ ជាក់ស្ដែងរយៈពេលប៉ុន្មានថ្ងៃដើមខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនស៊ីបាយអូថេក ធ្វើសកម្មភាពកាប់រំលំដើមច្បោះជ័រធំៗដឹកចេញពីព្រៃឡង់ក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង យ៉ាងគឃ្លើនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បែរជានាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្អ្វីទាំងអស់ដើម្បីទទួលផលប្រយោជន៏ចង់ក្រុមឈ្មួញនាំគ្នាបំផ្លាញព្រៃឈើយ៉ាងណាក៏អស់លោកអាជ្ញាធរនិងសមត្តកិច្ចពាក់ពន្ធ័នៅក្នុងខេត្តស្ទឹងត្រែងរក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់មេជើង sic ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close