ករណីថៃចោទរឿងលេណដ្ឋាន និង​ផ្ទះពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់ អ្នកនាំពាក្យ​កងទ័ពកម្ពុជា​ស្នើ​ឱ្យ​ថៃ​ចៀសវាង​ការ​បង្ក​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន

ភ្នំពេញ — អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​អំពាវនាវ​ដល់​ភាគី​ថៃ​ឱ្យ​ចៀសវាង​សកម្មភាព​ដែលអាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង និង​ពង្រីក​តំបន់​ជម្លោះ​នៅតាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​គេហទំព័រ​ផ្លូវការ​របស់​ថៃ​មួយចំនួន​បាន​លើកឡើង​ពី​បញ្ហា​លេណដ្ឋាន និង​ការ​តាំងទីលំនៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់។

កាលពី​ពេល​ថ្មីៗ​នេះ គេហទំព័រ​ព័ត៌មាន​របស់​ថៃ​មួយចំនួន​ដូចជា The Nation Thailand, Khaosod ក៏ដូចជា​គេហទំព័រ​របស់​ការិយាល័យ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទបុរី-ត្រាត បាន​ចុះផ្សាយ​ពី​បញ្ហា​នៃ​ការ​ឈរជើង និង​ការ​តាំងទីលំនៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ទល់នឹង​ភូមិ​បាន​ចំរៀក ឃុំ​ចំរក់ ស្រុក​មឿង ខេត្ត​ត្រាត។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ថា ​កម្ពុជា​បាន​ផ្តល់​ការ​បកស្រាយ​ច្បាស់លាស់​រួច​មក​ហើយ ហើយ​តាមរយៈ​លិខិត​ឆ្លើយតប​របស់​យោធភូមិភាគ​ទី៥ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២២ ភាគី​ទាំងពីរ​ក៏បាន​ដោះស្រាយ​បញ្ហា​មួយចំនួន​រួចរាល់​ផង​ដែរ។

ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​ផ្សេងទៀត ដែល​មិន​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​អង្គភាព​តាម​ព្រំដែន ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះ កម្ពុជា​បាន​លើក​សំណើ​ឱ្យ​បញ្ជូន​បញ្ហា​ទាំងនេះ​ទៅ​ឱ្យ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន (JBC) ពិភាក្សា​និង​ដោះស្រាយ​ស្របតាម​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា (MOU 2000) ស្តីពី​ការ​វាស់វែង​និង​ខណ្ឌ​ព្រំសីមា​ព្រំដែន​គោក។

លោកស្រី​ម៉ាលី សុជាតា បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ស្នើ​ឱ្យ​ភាគី​ទាំងអស់​ខិតខំ​បង្ក​បរិយាកាស​អំណោយផល​ដល់​ការអនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ​និង​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​កិច្ចប្រជុំ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC)។

លោកស្រី​បាន​បន្ថែម​ថា កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ភាគី​ថៃ​នៅ​គ្រប់​កម្រិត ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សម្រាប់​ផលប្រយោជន៍​រួម​របស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close