ក្រសួងការពារជាតិ ៖ ករណីនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នាទទួលស្គាល់ថាគណៈកម្មការចំរុះព្រំដែន(JBC)ជាយន្តការដោះស្រាយដើម្បីវាស់វែងនិងខ័ណ្ឌសីមាព្រំដែន
ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ដែលទល់មុខ ភូមិណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ នៅក្នុងកិច្ចប្រជុំពិសេសលើកទី១របស់GBC ភាគីទាំងពីរកម្ពុជា-ថៃបានព្រមព្រៀងគ្នាទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន(JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែង និងខ័ណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពបញ្ជូនបញ្ហានេះជារបៀបវារៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចំរុះព្រំដែន(JBC) និងបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុតស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន(JBC)។ នេះបើយោងតាមខ្លឹមសារនៅក្នុងវឌ្ឍនភាពការងារបន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) របស់ក្រសួងការពារជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងរបាយការណ៍វឌ្ឍនភាពការងារនោះដែរ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ បានជួបប្រជុំពិភាក្សាគ្នាដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី។ ក្នុងស្មារតីបន្តគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនលិខិតអញ្ជើញអភិបាលខេត្តស្រះកែវដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែតាមរយៈសារព័ត៌មានរបស់ប្រទេសថៃ ភាគីថៃបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។
ចំពោះករណីតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បានផ្ញើលិខិតចំនួនពីរ(២)ច្បាប់ (នៅថ្ងៃទី១៨ និងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥) ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ណាតតាផុន ណាកផានីក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និង ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដើម្បីជួយសម្របសម្រួលព្រមទាំងចាត់វិធានការសមស្របចំពោះសកម្មភាព ការប្រកាសនិងការចេញលិខិតរបស់អភិបាលខេត្តស្រះកែវដែលផ្ទុយទៅនឹងស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។