ពាណិជ្ជកម្មវៀតណាម រំពឹងកើនដល់ ៩០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ពាណិជ្ជកម្មរបស់ប្រទេសវៀតណាមត្រូវបានរំពឹងថា នឹងឈានដល់ ៩០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VN express កាលពីថ្ងៃទី៩ ខែតុលា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានប្រាប់ឱ្យដឹងថា ចំណូលនៃការនាំចូល-នាំចេញ របស់វៀតណាមត្រូវបានគេរំពឹងថា នឹងឈានដល់ ចំនួន៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ។

អំឡុងសន្និសីទកាសែតជាទៀងទាត់ នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ ក្រសួងបានអះអាងថា ពាណិជ្ជកម្មបរទេស នៅតែជាចំណុចភ្លឺ នៃសេដ្ឋកិច្ច ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៥ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបដែលឈានដល់ ៦៨០.៦ ពាន់លានដុល្លារ កើនឡើង ១៧.៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លោក Bui Huy Son អគ្គនាយក នៃអគ្គនាយកផែនការ ហិរញ្ញវត្ថុ និង ការគ្រប់គ្រងសហគ្រាស បានរាយការណ៍ថា នៅត្រីមាសទីបី ការនាំចេញបានកើនឡើង ១៨.៤% ធៀបនឹងឆ្នាំមុន និង កើនឡើង ៩.៦% ធៀបនឹងត្រីមាស ទីពីរ ដែលបានឈានដល់ ១២៨.៥៧ពាន់លានដុល្លារ។

ក្នុងរយៈពេល ប្រាំបួនខែ ដំបូង ការនាំចេញមានចំនួនសរុប ៣៤៨.៧៤ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន និង លើសពីគោលដៅ ១២% ដែលបានកំណត់ សម្រាប់ពេញមួយឆ្នាំ។

ប្រភពបានបន្តថា វៀតណាមបានចំណាយជិត ៣៣២ពាន់លានដុល្លារ លើការនាំចូល ក្នុងរយៈពេល បីត្រីមាសដំបូង កើនឡើង ១៨.៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ វិស័យក្នុងស្រុក មានចំនួន ១០៥.៦៧ពាន់លានដុល្លារ កើនឡើង ៤.៦% ខណៈពេលដែលវិស័យវិនិយោគបរទេស បានរួមចំណែក ២២៦.២៥ពាន់លានដុល្លារ កើនឡើង ២៦.៨%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close