ជប៉ុន ហាមឃាត់អ្នកដំណើរយន្តហោះប្រើ Power bank

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបាននឹងកំពុងធ្វើការព្រមានអំពីការហាមឃាត់អ្នកដំណើរដាក់ឧបករណ៍សាកថ្មចល័ត ឬ Power bank ក្នុងកាតាបរបស់ពួកគេ ដោយសារព្រួយបារម្ភពីហានិភ័យផ្ទុះឆេះ។

ការព្រមាននេះកើតឡើងបន្ទាប់ពីអ្នកត្រួតពិនិត្យនៅឯព្រលានយន្តហោះហាណេដា ទីក្រុងតូក្យូ បានត្រួតពិនិត្យរកឃើញឧបករណ៍ប្រហែល ២០,០០០គ្រឿង ដែលមានផ្ទុកថ្មលីចូមអ៊ីយ៉ង់ ដែលងាយនឹងជួបហានិភ័យផ្ទុះឆេះនៅក្នុងកាតាបអ្នកដំណើរនៃជើងហោះហើរក្នុងស្រុកនៅឆ្នាំសារពើពន្ធ ២០២៤។

កាលពីខែមករា ដោយសារតែឧបករណ៍សាកថ្មចល័ត ឬ Power bank យន្តហោះមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ នៅពេលកំពុងរៀបចំហោះចេញពីទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ អគ្គីភ័យនេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីករណីផ្ទុះឆេះដុំ Power Bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរ។

ដោយឡែក កាលពីខែមីនា ភ្លើងឆេះក្នុងយន្តហោះមួយករណីទៀត ត្រូវបានគេសង្ស័យថា បណ្តាលមកពីផ្ទុះឆេះ power bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរនៃយន្តហោះដែលធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកសាស្ត្រាចារ្យ តូហ្សាគី ហាជីមី មកពីសាកលវិទ្យាល័យ J.F. Oberlin ក្នុងទីក្រុងតូក្យូ បានផ្តល់អនុសាសន៍ថា បើសិនមានភ្លើងឆេះនៅលើយន្តហោះ នោះអ្នកដំណើរគ្មានផ្លូវអាចគេចខ្លួនបានឡើយ ដូច្នេះប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យផ្ទុះឆេះ power bank។ បន្ថែមលើនេះ ក្រសួងដឹកជញ្ជូនជប៉ុន នៅក្នុងខែកក្កដា ក៏បានចាប់ផ្តើមជំរុញប្រជាជនឱ្យបិទ power bank តែម្តង ជាជាងដាក់ក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរទាំងនៅដំណើរការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close