Apple សម្រេចផ្អាកចេញលក់ iPhone Air ជំនាន់ថ្មីឆ្នាំ ២០២៦ ក្រោយការលក់ធ្លាក់ចុះខ្លាំង!
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្ត ផ្អាកជាបណ្ដោះអាសន្ននូវផែនការចេញលក់ iPhone Air ជំនាន់ក្រោយ ដែលគ្រោងទុកសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦។ ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺបណ្ដាលមកពី ការលក់ម៉ូដែលបច្ចុប្បន្នមានសភាពខ្សោយ ជាងការរំពឹងទុកកាលពីដំបូង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Information ដែលដកស្រង់សម្ដីប្រភពជិតស្និទ្ធ និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
iPhone Air ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០២៥ ត្រូវបានបង្កើតឡើងជាម៉ូដែលផ្តោតលើការរចនា ស្ដើងខ្លាំង និងស្រាលជាង នៅក្នុងជួរផលិតផល iPhone លំដាប់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ការរចនាបែបស្លីមនេះ បាននាំឲ្យមានការលះបង់ទៅលើ ទំហំថាមពលថ្ម និងមុខងារកាមេរ៉ា មួយចំនួន។ ជាក់ស្ដែង អ្នកវិភាគបានអះអាងយ៉ាងច្បាស់ថា៖ «តម្រូវការសម្រាប់ iPhone Air បានចុះខ្សោយជាងការរំពឹងទុកដំបូង»។
គួរបញ្ជាក់ផងដែរថា ម៉ូដែល iPhone Air នេះកំពុងត្រូវបានលក់នៅក្នុងប្រទេសចិនដោយគ្មានរន្ធដាក់ SIM កាត ធម្មតាទៀតទេ ពោលគឺវាគាំទ្រទាំងស្រុងតែបច្ចេកវិទ្យា eSIM ប៉ុណ្ណោះ បន្ទាប់ពីទទួលបានការអនុម័តផ្លូវការកាលពីខែតុលា។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មិនទាន់បានចេញមុខធ្វើការអត្ថាធិប្បាយជាផ្លូវការណាមួយជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ ហើយទីភ្នាក់ងារ Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។