ការបំពុលខ្យល់ធ្វើឱ្យអាស៊ីអាគ្នេយ៍ បាត់បង់សេដ្ឋកិច្ចអស់ ៦០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០

ការបំពុលខ្យល់អាចធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ បំផ្លាញសេដ្ឋកិច្ចអស់ ៦០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០។ គម្រោងសិក្សាថ្មីមួយបានបង្ហាញថា ការបំពុលបរិយាកាស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចធ្វើឱ្យខាតបង់សេដ្ឋកិច្ច ដល់ទៅ ៥៩១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០ ប្រសិនបើមិនមានសកម្មភាពដោះស្រាយ។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Msn កាលពីថ្ងៃព្រហស្បតិ៍នេះ, ការស្រាវជ្រាវ ដែលត្រូវបានផ្សាយក្នុងខែវិច្ឆិកា តាមរយៈទស្សនាវដ្តី Environment International បង្ហាញថា ភាគល្អិតពុល PM2.5 នឹងកើនឡើង ពី ៧.២% ដល់ ៩.៦% នៅឆ្នាំ២០៥០ ដែលនឹងបណ្តាលឲ្យស្លាប់មនុស្សមុនអាយុ ចន្លោះពី ៨២,៣៤៥ នាក់ ដល់ទៅ ១០៥៨,៦០៩នាក់។

លោក Steve Yim ប្រធានមជ្ឈមណ្ឌលសម្រាប់ការប្រែប្រួលអាកាសធាតុ និងសុខភាពបរិស្ថាន នៅសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេសសិង្ហបុរី ដែលបានដឹកនាំការស្រាវជ្រាវនេះ បានប៉ាន់ប្រមាណតម្លៃសេដ្ឋកិច្ចសរុបសម្រាប់តំបន់នេះ ចន្លោះពី ៤៤៧ពាន់លានដុល្លារ ដល់ការប៉ាន់ប្រមាណខ្ពស់បំផុត ចំនួន ៥៩១ពាន់លានដុល្លារ។

លោក Yim បានប្រាប់ទស្សនាវដ្តី Fortune ថា «តួលេខទាំងនេះ តំណាងឱ្យតម្លៃសង្គមសរុប នៃការបាត់បង់ជីវិត មិនមែនជាការចំណាយ លើការថែទាំសុខភាពដោយផ្ទាល់នោះទេ។ សំដៅលើការបាត់បង់សុខុមាលភាព ទូលំទូលាយ ដូចជា ការបាត់បង់ផលិតភាព ទិន្នផលសេដ្ឋកិច្ច និង តម្លៃអរូបី នៃការស្លាប់មុនអាយុ»។

ការបំពុលខ្យល់ នៅអាស៊ីអាគ្នេយ៍កើតចេញពីប្រភពផ្សេងៗ រួមទាំង ផ្សែងរថយន្ត ភ្លើងឆេះព្រៃ និង រោងចក្រថាមពលធ្យូងថ្ម។

របាយការណ៍ដែលបានចេញផ្សាយកាលពីខែកញ្ញាឆ្នាំមុន ដោយក្រុមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ជាង ៩០% នៃប្រជាជនអាស៊ីបូព៌ា និង អាស៊ីអាគ្នេយ៍ ចំនួន ២.៥ពាន់លាននាក់ បច្ចុប្បន្ន ដកដង្ហើមខ្យល់ជាមួយនឹងកម្រិតមិនមានសុវត្ថិភាព នៃ PM2.5​៕

ប្រភព៖ Apsara TV11

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close