គ្រោះបាក់ដីបានសម្លាប់មនុស្ស ២នាក់ និងបាត់ខ្លួន ២១នាក់ នៅឥណ្ឌូនេស៊ី
មន្ត្រីគ្រោះមហន្តរាយ បាននិយាយ នៅថ្ងៃសុក្រនេះថា ការបាក់ដីបានសម្លាប់មនុស្ស ពីរនាក់ និង យ៉ាងតិច ២១នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការរអិលបាក់ដីបានវាយប្រហារភូមិ ចំនួនបី នៅក្នុងស្រុក Cilacap ភាគកណ្តាលខេត្តJava កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានកប់ និងបំផ្លាញផ្ទះសម្បែងនានា។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមព្រឹកថ្ងៃសុក្រ ក្រុមចម្រុះបានជួយសង្គ្រោះមនុស្ស ២៣ នាក់ ដែលនៅរស់។ មនុស្សពីរនាក់ ត្រូវបានរកឃើញថា បានស្លាប់ ហើយ ២១ នាក់ផ្សេងទៀត កំពុងស្វែងរក»។
លោក Muhari បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។
លោកបានបន្ថែមថា ស្ថានភាពដី មិនស្ថិតស្ថេរបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយឧបករណ៍ធុនធ្ងន់ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រតិបត្តិការ។
ការព្រមានអំពីអាកាសធាតុខ្លាំង ត្រូវបានចេញផ្សាយ នៅដើមសប្តាហ៍នេះ ដោយទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ។
ទីភ្នាក់ងារនេះថា តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី អាចជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ។
រដូវមូសុងប្រចាំឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាធម្មតា មាននៅចន្លោះខែវិច្ឆិកា និងខែមេសា តែងតែនាំមកនូវការបាក់ដី ទឹកជំនន់ភ្លាមៗ និងជំងឺនានា ដែលបណ្តាលមកពីទឹកជំនន់។
កាលពីដើមខែវិច្ឆិកា ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី នៅតំបន់ដាច់ស្រយាល នៃតំបន់លំហែ Papua បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៥ នាក់ និង ៨នាក់ទៀតបាត់ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។