ផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើទាំងសេដ្ឋកិច្ច និងទេសចរណ៍​

ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​មួយខ្សែដ៏មាន​សារសំខាន់ តភ្ជាប់​ពីស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរ​សោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។

ផ្លូវជាតិមួយខ្សែនេះ​ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង​ និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង​ ដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរកំសាន្តនៃខេត្តព្រៃភ្នំ​ និងខេត្តសមុទ្រ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧​ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច​បង្កើនចរន្តដឹកជញ្ជូន​ បង្កើតឱកាសសម្រាប់អ្នកវិនិយោគ​ និងប្រជាជន។

ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បាន​ឆ្លង​កាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវ​ស្រងាត់​។ ព្រមជាមួយគ្នានេះ​ ក៏មានស្ពានដែលខ្ពស់ជាងគេ​ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង​ បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close