ចំនួនឆ្លងជំងឺគ្រុនផ្តាសាយ កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសជប៉ុន
មកទល់ពេលនេះ ចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយទូទាំងប្រទេសជប៉ុន បាននឹងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ បើធៀបនឹងឆ្នាំមុន ដោយកុមារគឺជាជនរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេបំផុត។ នេះបើតាម NHK ចេញផ្សាយកាលពីថ្ងៃអាទិត្យ។

វិទ្យាស្ថានជប៉ុនទទួលបន្ទុកកិច្ចការសន្តិសុខសុខភាពនិយាយថា ករណីឆ្លងជំងឺគ្រុនផ្តាសាយចំនួន ១៩៦,៨៩៥ករណី ត្រូវបានរាយការណ៍ដោយស្ថាប័នវេជ្ជសាស្ត្រប្រហែល ៣,០០០កន្លែង គិតមកទល់ថ្ងៃទី២៣ ខែវិច្ឆិកា។ តួលេខនេះហក់ឡើងប្រហែល ១.៣៥ដង បើធៀបនឹងរបាយការណ៍កន្លងមក។
យោងតាមក្រសួងសុខាភិបាលជប៉ុន, ករណីឆ្លងប្រចាំសប្តាហ៍គិតមកទល់ថ្ងៃទី៩ ខែវិច្ឆិកា មានប្រហែល ៨០ភាគរយនៃករណីឆ្លងជំងឺគ្រុនផ្ដាសាយចំនួន ៨៤, ១៨៣ករណី កើតលើក្រុមមនុស្សមានអាយុក្រោម ២០ឆ្នាំ។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ សាស្ត្រាចារ្យផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Niigata លោក Saito Akihiko និយាយថា មន្ទីរពេទ្យមួយចំនួនក្នុងទីក្រុងតូក្យូ និងខេត្តសៃតាម៉ា បានខ្វះខាតគ្រែ ដោយសារចំនួនកុមារឆ្លងជំងឺគ្រុនផ្តាសាយកំពុងសម្រាកនៅមន្ទីរពេទ្យកើនឡើងយ៉ាងគំហុក។ អ្នកខ្លះបានវិវត្តទៅជាជំងឺរលាកស្រោមខួរក្បាល ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ជាការឆ្លើយតបបន្ទាន់ លោកសាស្ត្រាចារ្យផ្នែកជំងឺកុមាររូបនេះ កំពុងអំពាវនាវឱ្យបណ្តាសាលារៀននានា រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាមានខ្យល់បរិសុទ្ធចេញចូលក្នុងថ្នាក់រៀន និងទទូចឱ្យប្រជាជនពាក់ម៉ាស់នៅទីកន្លែងមានមនុស្សម្នាច្រើន លាងដៃឱ្យបានញឹកញាប់ និងទទួលថ្នាំបង្ការ ដើម្បីការពារជំងឺគ្រុនផ្តាសាយកុំឱ្យវិវត្តទៅជាជំងឺធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។