ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់កើនជាង ៦០០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីថ្មីៗនេះ នៅទូទាំងខេត្តចំនួន ៣ នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បន្តកើនឡើងដល់ ៦០៤នាក់ និង៤៦៤នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ នេះបើតាមប្រភពពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) កាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារ BNPB និយាយថា មកទល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះបាននឹងកំពុងបន្តយ៉ាងដុតដៃដុតជើង នៅទូទាំងតំបន់រងផលប៉ះពាល់នានា។ បើតាមទីភ្នាក់ងារដដែល ទឹកជំនន់បង្ខំឱ្យប្រជាជនប្រហែល ៥៧០,០០០នាក់ភៀសខ្លួននៅភាគខាងជើង និងភាគខាងលិចកោះស៊ូម៉ាត្រា ព្រមទាំងខេត្តអាសេ។

មិនត្រឹមតែប៉ុណ្ណោះ ទឹកជំនន់ថែមទាំងបានបំផ្លាញផ្លូវថ្នល់ និងកាត់ផ្តាច់បណ្តាញទំនាក់ទំនង ធ្វើឱ្យប្រតិបត្តិការសង្គ្រោះមិនអាចចូលទៅដល់ទីតាំងរងគ្រោះបាន ដូច្នេះការចែកចាយជំនួយបន្ទាន់ គឺអាចដំណើរការតែតាមរយៈផ្លូវអាកាសប៉ុណ្ណោះ។

ទន្ទឹមគ្នា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានប្រកាសកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយរបស់រដ្ឋាភិបាលកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ។

លោកប្រធានាធិបតី ប្រាបូវ៉ូ បានសង្កត់ធ្ងន់តថា ឥណ្ឌូនេស៊ីត្រូវតែចាត់វិធានការប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ ហើយថា រដ្ឋាភិបាលក្នុងតំបន់ក៏គួរតែដើរតួនាទីកាន់តែសកម្មផងដែរ ដើម្បីការពារបរិស្ថាន និងត្រៀមខ្លួនទប់ស្កាត់គ្រោះមហន្តរាយអាក្រក់ៗផ្សេងទៀតនៅពេលអនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close