ចិនគាំទ្រអាស៊ាន សម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បានប្រកាសថា ភាគីចិនគាំទ្រយ៉ាងពេញទំហឹង ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជួយសម្របសម្រួល ជម្លោះព្រំដែនកម្ពុជា-ថៃ និងធានាសន្តិភាពឡើងវិញ។

តាមរយៈបណ្តាញសង្គមផ្លូវការ, លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «ទាំង កម្ពុជា និង ថៃ គឺជាសមាជិកដ៏សំខាន់របស់អាស៊ាន។ ចិនសរសើរ និងគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេស ម៉ាឡេស៊ី ដើម្បីទទួលបានសន្តិភាព»។

លោកបន្តថា «ប្រទេសចិន ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ របស់ប្រទេសទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានឹងបញ្ឈប់ ហើយសន្តិភាពនឹងត្រូវបានកសាងឡើងវិញ»។

លោកបន្តថា «ចាប់តាំងពីមានការកើនឡើងកម្តៅមក ប្រទេសចិនបាននិងកំពុងចូលរួមភាគីទាំងពីរ ដើម្បីបានសន្តិភាព តាមមធ្យោបាយរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ តាមទូរស័ព្ទ។ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសចិន បានរក្សាទំនាក់ទំនងជាមួយកម្ពុជា ថៃ និង ប្រទេសពាក់ព័ន្ធអាស៊ាន»។

លោក Guo Jiakun បានបន្ថែមថា «បេសកជនពិសេសរបស់ ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី លោក Deng Xijun បាននិងកំពុងបំពេញបេសកកម្ម ទៅសម្រួលដល់កិច្ចពិភាក្សា។ ប្រទេសចិននឹងបន្តធ្វើការយ៉ាងសកម្មដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាសម្រាប់ការបន្ថយភាពតានតឹង»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close