វៀតណាម នាំចេញបន្លែផ្លែឈើទៅថៃ ធ្លាក់ចុះ ៦០%

ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ទៅកាន់ប្រទេសថៃ បានធ្លាក់ចុះ ៦០% ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress។

ប្រភពបានចុះផ្សាយ កាលពីថ្ងៃចន្ទថា តម្លៃនាំចេញ ទៅថៃ មានត្រឹម ១០៥លានដុល្លារ ប៉ុន្តែ បន្លែ ផ្លែឈើវៀណាម នាំទៅប្រទេសផ្សេងៗ សុទ្ធតែមានកំណើនល្អ។

លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា មានមូលហេតុជាច្រើន នៅពីក្រោយការធ្លាក់ចុះនេះ ក្នុងនោះ ក៏មានគោលនយោបាយរឹតបន្តឹងព្រំដែនរបស់ប្រទេសថៃ ចំពេលមានជម្លោះ នាពេលថ្មីៗនេះ ជាមួយកម្ពុជា ដែលបានរំខានដល់ការដឹកជញ្ជូន។

សម្រាប់មូលហេតុមួយទៀត លោកបានបន្ថែមថា ប្រទេសថៃធ្លាប់នាំចូលទុរេនក្លាសេពីវៀតណាម ដើម្បីនាំចេញវិញ ទៅកាន់ប្រទេសចិន ប៉ុន្តែ លែងមានទៀតហើយ ចាប់តាំងពីវៀតណាម បានទទួលការអនុញ្ញាតឲ្យនាំចេញផលិតផលនេះ ដោយផ្ទាល់ ទៅកាន់ប្រទេសចិន។

ការធ្លាក់ចុះនេះ បានអូសទាញប្រទេសថៃ ចុះមកនៅលេខរៀងទី៩ ក្នុងបញ្ជីទីផ្សារនាំចេញរបស់ប្រទេសវៀតណាម ពីចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំមុន នេះបើតាមនាយកដ្ឋានគយ។

ការនាំចេញទៅកាន់ទីផ្សារផ្សេងទៀត ដូចជា ម៉ាឡេស៊ី កើនឡើង ៧៧%, សហរដ្ឋអាមេរិក កើន ៥៦% និងនៅប្រទេសអឺរ៉ុប ក៏កើនឡើងគួរឲ្យកត់សម្គាល់។ ការនាំចេញសរុបបានកើនឡើង ១៧% ដល់ មានតម្លៃ ៧.៧៦ពាន់លានដុល្លារ ដោយប្រទេសចិន នៅតែជាទីផ្សារធំបំផុត ស្មើនឹង ៦៤% នៃតម្លៃសរុប។

ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសថៃ ភាគច្រើន រួមមាន ផ្លែឈើស្រស់ និងក្លាសេ ដូចជា ទុរេន ស្រកានាគ ផ្លែទទឹម សាវម៉ាវ ផ្លែល្ហុង ផ្លែប៉ម ផ្លែមៀន និងដូងសម្រាប់កែច្នៃ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close