មនុស្សស្លាប់២នាក់ ក្រោយយោធាអាមេរិក វាយប្រហារទូក១គ្រឿង សង្ស័យដឹកគ្រឿងញៀន នៅភាគខាងកើតប៉ាស៉ីហ្វិក
នាថ្ងៃចន្ទ ទី២៩ ខែធ្នូ យោធាអាមេរិកបានឱ្យដឹងថា មនុស្ស២នាក់ទៀតត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន ១គ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រការនេះនាំឱ្យចំនួនមនុស្សដែលត្រូវបានសម្លាប់សរុប ក្នុងយុទ្ធនាការយោធារបស់ទីក្រុងវ៉ាស៉ីនតោននៅក្នុងតំបន់ កើនដល់យ៉ាងហោច១០៧នាក់។ ចាប់តាំងពីខែកញ្ញាមក យោធាអាមេរិក បានបើកការវាយប្រហារសរុបយ៉ាងហោច៣០លើក ទៅលើទូកដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនគ្រឿងញៀនចូលសហរដ្ឋអាមេរិក ដោយការវាយប្រហារទាំងនោះ ត្រូវបានធ្វើឡើងនៅភាគខាងកើតប៉ាស៉ីហ្វិក និងនៅសមុទ្រ Caribbean។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក មិនបានផ្តល់ភស្តុតាងណាមួយឡើយ ដែលបង្ហាញថា ទូកទាំងនោះពិតជាពាក់ព័ន្ធក្នុងការរត់ពន្ធគ្រឿងញៀនមែន ជាហេតុនាំឱ្យមានការដេញដោលមតិ អំពីភាពស្របច្បាប់នៃប្រតិបត្តិការវាយប្រហារទាំងនេះ។ ក្រុមអ្នកជំនាញច្បាប់អន្តរជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការវាយប្រហាររបស់អាមេរិក ស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ បើទោះបីជាជនសង្ស័យនៅលើទូកទាំងនោះ ជាឧក្រិដ្ឋជនរត់ពន្ធគ្រឿងញៀនមែនក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។