BYD នឹងក្លាយជាក្រុមហ៊ុនឡានអគ្គិសនីលក់ដាច់បំផុត លើពិភពលោក
ក្រុមហ៊ុន BYD របស់ចិន ត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការផ្តួលគូប្រជែងខ្លួន គឺក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋីអាមេរិក Elon Musk ដើម្បីក្លាយជាក្រុមហ៊ុនឡានអគ្គិសនីលក់ដាច់បំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០២៥ ។
ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សទាំងពីរ ត្រូវបានគេរំពឹងថា នឹងបញ្ចេញតួលេខលក់ឡានចុងក្រោយរបស់ពួកគេសម្រាប់ឆ្នាំ ២០២៥ នេះក្នុងពេលឆាប់ៗ ។ ប៉ុន្តែបើយោងតាមទិន្នន័យលក់បានបង្ហាញថា ក្រុមហ៊ុន Tesla ដែលដឹកនាំដោយលោកនាយកប្រតិបត្តិ Elon Musk នឹងមិនអាចរក្សាតំណែងកំពូលរបស់ខ្លួនដូចមុនបានឡើយ ។
បើតាមសារព័ត៌មាន The Straits Times, គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនឡានអគ្គិសនី BYD មានមូលដ្ឋាននៅទីក្រុង Shenzhen ដែលផលិតទាំងរថយន្តហាយប្រ៊ីដផងនោះ លក់ឡានអគ្គិសនីបានចំនួនជាង ២,០៧លានគ្រឿង ។
រីឯក្រុមហ៊ុនឡានអគ្គិសនី Tesla វិញ លក់ឡានបានចំនួនជាង ១,២២លានគ្រឿង គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ។ ហើយបើយោងតាមការព្យាករនោះ Tesla ប្រហែលជាអាចលក់ឡានបានត្រឹមតែចំនួន ១,៦៥លានគ្រឿងប៉ុណ្ណោះ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥នេះ ធ្លាក់ចុះ ៧.៧ភាគរយ ។
យ៉ាងណា លោក Elon Musk បានបង្ហើបឱ្យដឹងថា ដើម្បីដណ្តើមតំណែងមកវិញ ក្រុមហ៊ុន Tesla ត្រៀមបញ្ចេញឡាន Cybercab ជាប្រភេទរថយន្តម៉ូដែល Robotaxi បើកបរដោយស្វ័យប្រវត្តិ ដែលនឹងចាប់ផ្តើមផលិតកម្មនៅក្នុងខែមេសាឆ្នាំ២០២៦ ។
បន្ថែមលើនេះ Tesla ក៏មានគំរោងបញ្ចេញរថយន្តអគ្គិសនីជំនាន់ថ្មីតម្លៃទាប រួមមានរថយន្តអគ្គិសនី Model 3 និង Y ជាមួយនឹងការដាក់ក្តីរំពឹងខ្ពស់ថា ពួកវានឹងជួយរុញច្រានកំណើននៃលក់ឡើងវិញ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។