ទឹកសមុទ្រឡើងកម្តៅ ដល់កំណត់ត្រា កាលពីឆ្នាំ២០២៥

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បាននិយាយថា មហាសមុទ្រនានាលើពិភពលោក បានស្រូបយកកម្តៅដល់ កម្រិតកំណត់ត្រា កាលឆ្នាំ ២០២៥ ដែលជាកត្តាជំរុញថែមទៀតឱ្យនីវ៉ូទឹកសមុទ្រកើនឡើង ព្យុះដ៏កំណាចៗ និងការងាប់ផ្កាថ្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ ២០២៦។

បរិមាណនៃកម្តៅ ដែលត្រូវបានស្រូបយកដោយទឹកសមុទ្រ កាលពីឆ្នាំមុន បានហក់ឡើងប្រហែល ២៣ zettajoules ដែលជាកម្រិតស្មើនឹងបរិមាណនៃថាមពល ដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ក្នុងរយៈពេលជិត ៤ទសវត្សរ៍។ អ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះ ដែលចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Advances in Atmospheric Sciences គឺជាអត្រាខ្ពស់ជាងឆ្នាំណាៗទាំងអស់ គិតតាំងការធ្វើកំណត់ត្រាបែបទំនើប ចាប់ផ្តើមកាលពីអំឡុងដើមទសវត្សរ៍​ឆ្នាំ១៩៥០។

ដើម្បីទទួលបានការគណនាទាំងនេះ អ្នកវិទ្យាសាស្ត្រច្រើនជាង ៥០នាក់មកពីស្ថាប័នស្រាវជ្រាវចំនួន ៣១ បានប្រើប្រាស់ប្រភពច្រើន រួមទាំងការបំពាក់គ្រឿងយន្តបណ្តែតទឹករាប់ពាន់គ្រឿង ដើម្បីតាមដានការវិវត្តន៍ក្នុងសមុទ្រ ដល់ជម្រៅ ២ ០០០ម៉ែត្រ។

លោកស្រី Karina von Schuckmann សហអ្នកនិពន្ធនៃការស្រាវជ្រាវនេះ បាននិយាយថា ការវាស់ស្ទង់រយៈពេលវែង ផ្តល់នូវសូចនាករដ៏ល្អអំពីរបៀបដែលមហាសមុទ្រ ប្រតិកម្មទៅនឹងសម្ពាធពីការបំភាយឧស្ម័នរបស់មនុស្សជាតិ។ លោក von Schuckmann អ្នកស្រាវជ្រាវផ្នែកសមុទ្រមកពីវិទ្យាស្ថានស្រាវជ្រាវបារាំង Mercator Ocean International បានប្រាប់ AFP ថាលទ្ធផលសម្រាប់ឆ្នាំ ២០២៥ បញ្ជាក់ថាទឹកសមុទ្រនៅតែក្តៅ។

ទឹកសមុទ្រ គឺជាតួអង្គដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងអាកាសធាតុរបស់ភពផែនដី ពីព្រោះវាស្រូបយក ៩០ភាគរយនៃកម្តៅលើសក្នុងបរិយាកាស ដែលបណ្តាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់មនុស្ស ដូចជាកាបូនឌីអុកស៉ីត។ ទឹកសមុទ្រក្តៅបង្កើនសំណើមក្នុងបរិយាកាស នឹងបញ្ឆេះឱ្យមានព្យុះស៉ីក្លូនត្រូពិច ព្យុះស៉ីក្លូនត្រូពិច និងរបាយទឹកភ្លៀងដ៏បំផ្លិចបំផ្លាញ។

សមុទ្រក្តៅក៏រួមចំណែកដោយផ្ទាល់ដល់ការកើនឡើងនីវ៉ូទឹកសមុទ្រ បង្កើនលក្ខខណ្ឌមិនអាចទ្រាំទ្របាន សម្រាប់ថ្មប៉ប្រះទឹកនៅតំបន់ត្រូពិក ដែលផ្កាថ្មត្រូវវិនាសអំឡុងពេលដែលមានរលកកម្តៅសមុទ្រយូរ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close