អាមេរិក៖ ព្យុះព្រិលរដូវរងា បណ្តាលឱ្យមានមនុស្សស្លាប់ ខណៈអាកាសធាតុត្រជាក់ខ្លាំង
គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ មនុស្សយ៉ាងហោចណាស់ ៣៨នាក់នៅទូទាំងរដ្ឋចំនួន ១៤ បានស្លាប់ដោយសារព្យុះរដូវរងាដ៏ខ្លាំងក្លា ដែលបានធ្វើឱ្យតំបន់ភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាមេរិក គ្របដណ្ដប់ទៅដោយព្រិល និងសីតុណ្ហភាពធ្លាក់ចុះទាបក្រោមកម្រិតកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦។
អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារព្យុះព្រិល នៅក្នុងទីក្រុងញូវយ៉ក មានចំនួន ១០នាក់ ហើយអាកាធាតុឆ្នាំនេះ គឺត្រជាក់បំផុតមិនធ្លាប់មានរយៈពេល ៨ឆ្នាំហើយ ដោយសីតុណ្ហភាពធ្លាក់ចុះដល់ -១៣អង្សាសេ។ លោកបានឱ្យដឹងបន្ថែមថា អ្នកស្លាប់មួយចំនួនទៀត ត្រូវបានគេរកឃើញនៅទីវាលខាងក្រៅ តែគេនៅមិនទាន់ប្រាកដទេថា ពួកគេគឺជាអ្នកគ្មានផ្ទះសម្បែងឬយ៉ាងណា។

នៅឯទីក្រុង Nashville រដ្ឋ Tennessee ផ្ទះ និងអាជីវកម្មជាង ១៣៥ ០០០ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់ រីឯសីតុណ្ហភាពអាចធ្លាក់ចុះដល់ -១៤អង្សាសេ នាព្រឹកថ្ងៃពុធនេះ។ នៅទីក្រុង Bonham រដ្ឋ Texas មានក្មេងប្រុស ៣នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចូលក្នុងស្រះទឹកកកមួយ។ ដោយឡែក ករណីស្លាប់ដោយសារតែត្រជាក់ពេក ក៏ត្រូវបានរាយការណ៍ផងដែរពីរដ្ឋ Kansas, Kentucky, Louisiana, Mississippi, South Carolina, Tennessee និង Michigan។
ព្យុះព្រិលតាំងពីថ្ងៃសុក្រមក បានធ្វើឱ្យចរាចរណ៍ផ្លូវគោកកកស្ទះ ជើងហោះហើរជាច្រើនត្រូវលុបចោល ការដាច់ចរន្តអគ្គិសនី មុនពេលថមថយឥទ្ធិពលទៅវិញនាថ្ងៃចន្ទដើមសប្តាហ៍នេះ តែបន្សល់ទុកនូវភាពត្រជាក់ខ្លាំង ដែលនឹងបន្តអូសបន្លាយ។ ទីក្រុងនានានៅអាមេរិក កំពុងដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់ និងសម្ភារនានា ដើម្បីធានាថាប្រជាពលរដ្ឋ ជាពិសេសជនអនាថា មានសុវត្ថិភាព ទោះបីជាផ្ទះសម្បែង និងអាជីវកម្មជាង ៥៥០ ០០០កន្លែងនៅទូទាំងប្រទេស ជួបការខ្វះខាតអគ្គិសនីក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។