ក្រុងបាងកក រងការវាយ​ប្រហារ​ដោយ​ខ្យល់​​ពុល PM2.5 ក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ

ក្រុងបាងកក ប្រទេសថៃ ត្រូវបានរាយការណ៍ទទួលរងការវាយ​ប្រហារ​ដោយ​ខ្យល់​​ពុល PM2.5 ក្នុងកម្រិតធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ។ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់​ដើម​ខែ​កុម្ភៈ ឆ្នាំ២០២៦នេះ មានសេចក្តីរាយ​ការណ៍ជាច្រើនពីការកើនឡើងកម្រិតខ្យល់ពុល PM2.5 នៅក្នុងក្រុងបាងកក ហើយសារក្រើនរំលឹកពីការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់​ផ្នែក​សុខភាព ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋរស់នៅក្រុងបាងកក​ផង​ដែរ។

ភាគល្អិតនិចល ដែលគេហៅថា PM2.5 គឺជាភាគល្អិតក្នុងខ្យល់ដែលមានអង្កត់​ផ្ចិត​តូច​ជាង ឬស្មើ 2.5 មីក្រូម៉ែត្រ ដែលតូចជាងសក់មនុស្សប្រហែល៣០ដង។ ដោយសារ​តែ​​វា​តូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយអាចច្រៀតចូលទៅក្នុង​សរសៃ​​ឈាម បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

កម្រិតខ្យល់ពុល PM2.5 ត្រូវបានគេសិក្សារកឃើញថា បណ្តាលមកពីប្រភពចម្បងៗ​មួយ​​ចំនួនរួមមាន វិស័យដឹកជញ្ជូន, សកម្មភាពឧស្សាហកម្ម, ការដុតសំរាម និងសំណល់​ដោយចំហរ, ការប្រើប្រាស់ថាមពលក្នុងគ្រួសារ និងកត្តាផ្សេងៗទៀត។

ក្នុងវិស័យដឹកជញ្ជូនផ្អែកលើទិន្នន័យឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសថៃ មានយាន​យន្ត​​ដែល​បានចុះ​បញ្ជី​ក្រោម​ច្បាប់ស្តីពីយានយន្តរួមមាន ម៉ូតូចំនួន ២២.៥លានគ្រឿង រថ​យន្តឯកជនចំនួន ១១.៨លានគ្រឿង រថយន្តដឹកទំនិញឯកជនចំនួន ៧.១លាន​គ្រឿង ត្រាក់​ទ័រចំនួនជាង ៦៤ម៉ឺនគ្រឿង និងរថយន្តឯកជនចំនួនជិត ៤៥ម៉ឺនគ្រឿង។

សម្រាប់សកម្មភាពឧស្សាហកម្មវិញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ កាសែតបាងកកប៉ុស្តិ៍ ទើបនឹងធ្វើសេចក្តីរាយការណ៍ពីវិធានការរបស់​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ការបំពុល (PCD) បង្កើនការអនុវត្តច្បាប់ទូទាំងប្រទេសថៃ ដើម្បីទប់ស្កាត់ការ​បំពុល​ឧស្សាហកម្ម និងកាត់បន្ថយការបំភាយឧស្ម័ន PM2.5។

កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍បន្តដោយដកស្រង់សម្តីលោក Surin Worak​i​j​thamrong អគ្គនាយក PCD បានលើកឡើងថា រដ្ឋាភិបាលថៃ បានណែនាំឱ្យពង្រឹង​វិធាន​ការបង្ការ គ្រប់គ្រង និងត្រួតពិនិត្យចំពោះការបំភាយឧស្ម័ន PM2.5 ពីប្រភព​សំ​ខាន់​ៗ រួមទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងឧស្សាហកម្ម។ ក្នុង​នោះ​រោងចក្រ​ជាច្រើន​ប្រ​ភេទ​បញ្ចេញ​ភាគល្អិត​ចូលទៅក្នុង​បរិយាកាស ហើយ​ជា​ប្រភព​បំពុល​ខ្យល់ PM2.5 យ៉ាង​ខ្លាំងក្លា។

តាមរយៈទិន្នន័យយានយន្តដែលបានលើកមកបង្ហាញ និងសម្តីមន្ត្រីជំនាញបានដកស្រង់​មក​ផ្សាយនេះ វាគ្រប់គ្រាន់ណាស់ទៅហើយបង្ហាញថា កម្រិតខ្យល់ពុល PM2.5 ដ៏ធ្ងន់​ធ្ងរនៅក្រុងបាងកក គឺបង្កឡើងដោយសកម្មភាពនានាដោយថៃខ្លួនឯង មិនគួរបៀម​ឈាម​ព្រួសដាក់កម្ពុជានោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close