ប្រទះឃើញ ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួននៅប្រជុំកោះស្តេច ខេត្តកោះកុង
ត្រីបាណន់គីង្គក់មួយក្បាល ត្រូវបានគេប្រទះឃើញហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីសប្តាហ៍មុន។
ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្នានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។
ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។
សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។
ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។