ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់
ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា លើផ្សារក្នុងភូមិមួយកន្លែង នៅរដ្ឋភាគខាងលិចបំផុតនៃប្រទេសនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់ ។ នេះបើតាមការបញ្ជាក់ពីប្រភពនៅមូលដ្ឋានចំនួន ២ ក្នុងថ្ងៃពុធ ។
កងទ័ពអាកាសយោធាមីយ៉ាន់ម៉ា បានវាយប្រហារលើភូមិ Yoe Ngu ក្នុងទីក្រុង Ponnagyun មានចម្ងាយប្រហែល ៣៣គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង Sittwe នៅថ្ងៃទី២៤ ខែកុម្ភៈ ។ នេះបើយោងតាមក្រុមប្រឆាំងប្រដាប់អាវុធ និងក្រុមអ្នកស្ម័គ្រចិត្តមូលដ្ឋាន ។

សេចក្តីថ្លែងការណ៍របស់កងទ័ព Arakan Army បានរាយបញ្ជីឈ្មោះជនស៊ីវិលស្លូតត្រង់ ចំនួន ១៧នាក់ ក្នុងនោះរួមមានទាំងកុមារ ៣នាក់ផងដែរ ដែលត្រូវបានសម្លាប់ដោយសារការវាយប្រហារលើផ្សារមួយកន្លែង នៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងតំបន់) កាលពីថ្ងៃអង្គារ ។
ក្រុមនេះបានឲ្យដឹងបន្ថែមថា មនុស្ស ១៥នាក់ទៀត បានរងរបួស តែលោក Pyae Phyo Naing ប្រធានសមាគមយុវជនភូមិ Ponnagyun បាននិយាយថា នៅក្នុងបញ្ជីរបស់គាត់ មានអ្នកស្លាប់ចំនួន ១៨នាក់ និងរបួស ១៦នាក់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាត្រូវរួបរឹតដោយសង្គ្រាមស៊ីវិល ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ។ ចាប់តាំងពីពេលនោះ យោធាមីយ៉ាន់ម៉ាតែងតែប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើន ។ រដ្ឋឆ្នេរភាគខាងលិច Rakhine គឺស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត ពីការវាយប្រហារតាមអាកាសជាប្រចាំរបស់យោធាមីយ៉ាន់ម៉ា ៕
ប្រភព៖ Apsara TV11
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។