សំបុកអណ្តើកហ្លួងទី៣ រកឃើញនាដើមឆ្នាំ២០២៦ នេះ!

នាពេលថ្មីៗនេះ ក្រុមស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផលនិងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង១ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦នេះ។ បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារនិងតាមដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់។

សូមបញ្ជាក់ថា ក្រុមការងារបានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំងក្នុងឆ្នាំ២០២៤ ពុំមានរកឃើញក្នុងឆ្នាំ២០២៥ និងរកឃើញឡើងវិញ៣ទីតាំងនាដើមឆ្នាំ២០២៦នេះ។ សកម្មភាពទម្លាក់ពងអណ្តើកហ្លួងក្នុងជម្រកធម្មជាតិនេះ បានបញ្ជាក់អំពីសុខភាពល្អនៃអណ្តើកហ្លួង ជម្រក និងអេកូឡូស៊ីនៃប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុងនិងខេត្តព្រះសីហនុ។

អណ្តើកហ្លួងត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេសផងដែរ។

នៅកម្ពុជា ប្រព័ន្ធព្រែកស្រែអំបិលជាជម្រកតែមួយគត់ដែលអណ្តើកហ្លួងរស់នៅនិងពងកូន។ ដូចនេះអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការពារប្រភេទនេះចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងការភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close