ក្រុមហ៊ុន WorldBridge និង DRSB Express ចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ពង្រឹង​ប្រព័ន្ធអេកូឡូស៊ីភស្តុភារកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

ភ្នំពេញ – ក្រុមហ៊ុន WorldBridge Group ដែល​ជា​ក្រុមហ៊ុន​វិនិយោគពហុវិស័យ និងឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខា​ ​លើកិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនដឹកជញ្ជូនរហ័ស DRSB Express ដើម្បីពង្រឹង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ីភ​ស្តុភា​រ​កម្ម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ដោយមាន​ការចុះហត្ថលេខាពី អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group និង លោក គឹម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន DRSB Express។

កិច្ចសហប្រតិបត្តិការនេះ​ បង្កើតជាក្របខ័ណ្ឌសម្រាប់កា​រសហការរវាងក្រុមហ៊ុនទាំងពីរ ដោយប្រើប្រាស់​ចំណុចខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើន​ប្រ​សិទ្ធ​ភាព​​សម្រាប់អតិថិជន។

ក្រុមហ៊ុន DRSB Express នាំមកនូវជំនាញយ៉ាងស៊ីជម្រៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម​ឆ្លង​ដែន ដោយដំណើរការរួមបញ្ចូលគ្នាយ៉ាងពេញលេញ ដែលភ្ជាប់អ្នកផ្គត់ផ្គង់នៅក្រៅ​ប្រទេ​​ស ជា​មួយ​អ្នក​ប្រើប្រាស់នៅ​ក្នុងប្រទេសកម្ពុជា តាមរយៈ​ការគ្រ​ប​ដ​ណ្តប់​ការ​ដឹក​ជញ្ជូន​ដ​ល់​គោល​ដៅទូទាំង​ប្រទេ​ស​។

តាមរយៈបទពិសោធន៍ធុរកិច្ចជាង៣ទសវត្សរ៍នៅកម្ពុជា ក្រុមហ៊ុន WorldBridge Group បាននិងកំពុង​រួម​ចំណែកយ៉ាងទូលំទូលាយរបស់ខ្លួនលើវិស័យភស្តុភារកម្ម អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ រួ​មជា​មួយ​​នឹ​ង​បណ្តាញ​ភាពជាដៃគូក្នុងតំបន់ និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលបាន​បង្កើតឡើង។

តា​ម​​រយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីកំណត់ និងអភិវឌ្ឍ​ឱកា​ស​ដែល​ផ្ត​ល់​ផល​​ប្រយោជន៍​ទៅវិញទៅមក ដោយផ្តោតលើការពង្រីកសមត្ថភាពពាណិជ្ជកម្មឆ្លងដែន ការកែ​លម្អ​ប្រ​សិ​ទ្ធភា​​ព​​​ខ្សែសង្វាក់ផ្គត់ផ្គង់ និងការគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មក្នុងស្រុក ។ ​កិច្ច​ព្រ​ម​ព្រៀង​នេះ​ក៏​ស្របនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ធ្វើទំ​នើប​កម្មហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ភស្តុភារកម្ម និងបង្កើនសមត្ថភាពពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេស។

​អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានមានប្រសាសន៍ថា “យើងមាន​សេចក្តីសោមន​ស្សរីករាយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ DRSB Express ជាផ្លូវការ”។ “DRSB បានបង្កើតវេទិកាដ៏រឹងមាំ និងមូលដ្ឋានអតិថិជនស្មោះត្រង់ក្នុងរយៈពេលខ្លី។ យើងមើលឃើញសក្តានុពលពិតប្រាកដក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងការចូលរួម​របស់​ប្រទេសកម្ពុជា​នៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់​កម្ពុជា”។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ តំណាងឱ្យជំហានបន្ថែមទៀតនៅក្នុងការ​ប្តេជ្ញាចិត្ត​ជា​បន្តបន្ទាប់របស់ក្រុមហ៊ុន WorldBridge Group ចំពោះវិស័យភស្តុភារកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច​ទាំង​មូលរបស់ប្រទេសកម្ពុជា។ ភាគីទាំងពីរទន្ទឹងរង់ចាំកិច្ចសហការប្រកបដោយផលិតភាព ដែលបង្កើតគុណតម្លៃ​ និងការរីកចម្រើន​យូរអង្វែង សម្រាប់ក្រុមហ៊ុនរៀងៗខ្លួន និងសង្គមជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close