តម្លៃប្រេងហក់ឡើង ខណៈកិច្ចចរចាអាមេរិក-អ៉ីរ៉ង់ កំពុងជាប់គាំង
តម្លៃប្រេង នាថ្ងៃចន្ទ ទី២៧ ខែមេសា បានកើនឡើងជិត ២ភាគរយ ខណៈដែលកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កំពុងជាប់គាំង ហើយការរឹតត្បិតលើចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នៅតែមាន ដែលបន្តដាក់សម្ពាធលើការផ្គត់ផ្គង់ប្រេងជាសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការជួញដូរនាពេលព្រឹក ប្រេងឆៅ Brent បានឡើងថ្លៃ ២.១៦ដុល្លារ ដល់តម្លៃជាង ១០៧ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៧ ខែមេសា។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៩៦.១៧ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.៧៧ដុល្លារ។
ក្តីសង្ឃឹមនៃការសម្រេចសន្តិភាពបានរលត់បាត់អំឡុងថ្ងៃចុងសប្តាហ៍ នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ លុបចោលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកចរចាអាមេរិក ទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដ ទោះជារដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានទៅដល់ប្រទេសប៉ាគីស្ថានក៏ដោយ។ អ្នកវិភាគនិយាយថា អ៉ីរ៉ង់អាចត្រឡប់ទៅធ្វើសកម្មភាព ដោយបន្ថែមថា ទីក្រុងតេហេរ៉ង់អាចបង្ខំចិត្តបិទផលិតកម្ម នៅតំបន់ប្រេងដ៏ចំណាស់របស់ខ្លួន នៅពេលដែលវាអស់សមត្ថភាពផ្ទុក។
ទីក្រុងតេហេរ៉ង់ បានបិទមួយផ្នែកធំនៃច្រកសមុទ្រ Hormuz ហើយទីក្រុងវ៉ាស៉ីនតោន ក៏បានបិទផ្លូវចេញ-ចួលសមុទ្ររបស់អ៉ីរ៉ង់។ យោងតាមទិន្នន័យដឹកជញ្ជូនពី Kpler មាននាវាដឹកប្រេងតែមួយគ្រឿងប៉ុណ្ណោះ បានចូលឈូងសមុទ្រពែក្ស កាលពីថ្ងៃអាទិត្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។