រន្ទះបាញ់សម្លាប់មនុស្ស ១៤នាក់ នៅបង់ក្លាដែស

យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបាតុភូតរន្ទះ កើតឡើងនៅតំបន់ខ្លះនៃប្រទេសបង់ក្លាដែស ដោយមន្រ្តីនិយាយថា រដូវកាលព្យុះផ្គររន្ទះកំពុងមានឥទ្ធិពលទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦។

ករណីស្លាប់នេះ ត្រូវបានរាយការណ៍ពីស្រុកជាច្រើន បន្ទាប់ពីព្យុះមួយរំពិចនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង និងបាតុភូតរន្ទះ។ អាជ្ញាធរមូលដ្ឋាននិយាយថា ជនរងគ្រោះភាគច្រើនជាកសិករ ដែលធ្វើការនៅកណ្តាលវាលស្រែ និងកម្មករដែលជាប់ក្នុងតំបន់ដែលងាយរងគ្រោះ។ មនុស្សមួយចំនួនទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដោយអ្នកខ្លះស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា រន្ទះបាញ់ បានឆក់យកជីវិតមនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសបង់ក្លាដែស។ នៅឆ្នាំ២០១៦ រន្ទះបាញ់ ត្រូវបានបង់ក្លាដែសប្រកាសជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត បន្ទាប់ពីមនុស្សជាង ២០០នាក់បានស្លាប់ ក្នុងមួយខែឧសភា រួមទាំងមនុស្ស ៨២នាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close