ហេតុការណ៍រថភ្លើងបុកគ្នា មនុស្សស្លាប់កើនដល់ ១៤នាក់ នៅឥណ្ឌូណេស៊ី

អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើង២គ្រឿងបុកគ្នា បានកើនដល់ ១៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអាជ្ញាធរឥណ្ឌូណេស៊ី គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើបានកើតឡើងនៅក្នុងទីក្រុង Bekasi ស្ថិតនៅក្បែររដ្ឋធានីហ្សាការតា កាលពីថ្ងៃចន្ទម្សិលមិញ។ មកទល់នឹងព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តទាញយកអ្នកនៅរស់រានមានជីវិតដែលកំពុងជាប់ក្នុងទូររថភ្លើង ខណៈមនុស្ស៨៤នាក់បានរងរបួស និងកំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។

នៅថ្ងៃអង្គារនេះដែរ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរចុះសួរសុខទុក្ខអ្នករងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងទីក្រុង Bekasi ជាមួយការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដែលបានស្លាប់។ លោកក៏បានចេញបញ្ជាឱ្យអាជ្ញាធរឥណ្ឌូណេស៊ីបើកការស៊ើបអង្កេតជាបន្ទាន់ពីមូលហេតុ ដែលបណ្ដាលឱ្យរថភ្លើងទាំង ២គ្រឿងបុកគ្នាផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close