តម្លៃប្រេងហក់ឡើង ៤ដុល្លារទៀត គឺដល់ថ្លៃ១០៥,៥៥ដុល្លារ ក្នុងមួយបារ៉ែល

តម្លៃប្រេងបានហក់ឡើងមកវិញ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការឆ្លើយតបរបស់អ៉ីរ៉ង់ចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក គឺមិនអាចទទួលយកបានទាំងស្រុង ជាហេតុ​នាំឱ្យកើនឡើងក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេង ស្របពេលដែលច្រកសមុទ្រ Hormuz នៅបន្តស្ថិតក្រោមការបិទខ្ទប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តម្លៃប្រេងឆៅអន្តរជាតិ ​Brent បានកើន៤,១៦ដុល្លារ ឬស្មើនឹង៤,១១ភាគរយ គឺដល់ថ្លៃ១០៥,៥៥ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០៣៖៤០ GMT។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើន៤,៣៨ដុល្លារ ឬ៤,៥៩ភាគរយ ស្ថិតនៅ ៩៩,៨០ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍កន្លងទៅ តម្លៃប្រេងឆៅទាំងពីរ បានធ្លាក់ចុះខ្លាំងដល់៦ភាគរយ ធៀបនឹងសប្តាហ៍មុន​មួយទៀត ស្របពេលមានក្តីសង្ឃឹមថា ជម្លោះរយៈពេល១០សប្តាហ៍នេះ នឹងបញ្ចប់ឆាប់ៗ ហើយអនុញ្ញាតឱ្យប្រេងអាចដឹកឆ្លង​កាត់ ច្រកសមុទ្រ Hormuz ដូចដើមឡើងវិញ។

អ្នកវិភាគទីផ្សារបានបង្ហាញការយល់ឃើញថា តម្លៃប្រេងឆៅជួញដូរក្នុងទីផ្សារ គឺបន្តប្រែប្រួលចុះឡើងយ៉ាងគំហុក ដោយផ្អែកលើរាល់​ការអត្ថាធិប្បាយ ការបដិសេធ ឬការព្រមានណាមួយ ចេញមកពីមាត់របស់ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ហើយត្រូវបានរំពឹងថា នឹងជជែកអំពីបញ្ហាអ៉ីរ៉ង់ ក្នុងចំណោមប្រធានបទដទៃទៀត ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។

អ្នកវិភាគបានកត់សម្គាល់ថា ចំណាប់អារម្មណ៍របស់​ទីផ្សារនាពេលនេះ ក៏នឹងផ្តោតខ្លាំងស្មើគ្នាផងដែរទៅលើដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដ្បិតមានក្តីសង្ឃឹមថា លោកប្រធានាធិបតីអាមេរិក អាចបញ្ចុះបញ្ចូលឱ្យទីក្រុងប៉េកាំង ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើអ៉ីរ៉ង់ ដើម្បីជំរុញទៅរកកិច្ចព្រមព្រៀងសន្តិភាព និងដំណោះស្រាយសម្រាប់បញ្ហានៅច្រកសមុទ្រ Hormuz។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco បាននិយាយថា ពិភពលោកបានបាត់បង់​ប្រេងសរុបប្រហែល១ពាន់លានបារ៉ែល អំឡុងពេល២ខែមកនេះ ហើយទីផ្សារថាមពល នឹងត្រូវការពេលវេលាដើម្បីស្តារស្ថិរភាព ទោះក្រោយលំហូរប្រេងបន្តធម្មតាឡើងវិញក្តី។ ក្រុមអ្នកវិភាគរំពឹងថា ប្រេងឆៅ Brent ភាគច្រើននឹងបន្តមានតម្លៃលើស៩០ដុល្លារ ពេញមួយឆ្នាំ២០២៦នេះ ហើយធ្លាក់មកត្រឹមចន្លោះ៨០ ទៅ៨៥ដុល្លារ ពេលចូលដល់ឆ្នាំ២០២៧ នៅពេលកំណើនតម្រូវការ ត្រឡប់មកវិញ ហើយស្តុកប្រេងចាប់ផ្តើមកកើនឡើងវិញដោយសន្សឹមៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close