ចិននឹងបញ្ជាទិញយន្ដហោះ Boeing ២០០គ្រឿង ពិអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាប៉េកាំងបានយល់ព្រមបញ្ជាទិញយន្ដហោះ២០០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ខណៈរូបលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ធ្វើការប្រកាសខាងលើក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News។ ប៉ុន្តែក្រោយការប្រកាសនេះដែរ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ៤.១ភាគរយ អំឡុងផ្សារភាគហ៊ុនបើកការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ក៏ព្រោះតែការបញ្ជាទិញនេះមានចំនួនតិចជាងការរំពឹងទុក។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្លាប់បានរាយការណ៍ថាចិនអាចនឹង បញ្ជាទិញយន្ដហោះ Boeing 737 MAX ប្រហែលជា ៥០០គ្រឿង បូកបន្ថែមយន្ដហោះខ្នាតយក្ស ១០០គ្រឿងទៀតពីក្រុមហ៊ុន Boeing ដូចជាយន្ដហោះ 787 Dreamliner និង 777។ ខាងក្រុមហ៊ុន Boeing ភ្លាមៗមិនបានឆ្លើយតបអ្វីទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី AFP។
គួរបញ្ជាក់ថា នាយកប្រតិបត្តិ CEO ក្រុមហ៊ុន Boeing លោក Kelly Ortberg ក៏បានស្ថិតក្នុងចំណោមគណៈប្រតិភូមអមដំណើរលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំងផងដែរ។ លោក Ortberg បានប្រាប់ក្រុមអ្នកវិភាគកាលពីខែមេសាកន្លងទៅថាលោករំពឹងថាចិនអាចនឹងបញ្ជាទិញយន្ដហោះពីក្រុមហ៊ុនរបស់លោក ហើយ១០០ភាគរយ វាអាស្រ័យលើការចរចា និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
ការបញ្ជាទិញយន្ដហោះលើកចុងក្រោយបំផុតរបស់ចិនពីក្រុមហ៊ុន Boeing ធ្វើឡើងកាលពីឆ្នាំ២០១៧ ជាពេលដែលលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅចិនអំឡុងអាណត្តិទី១ របស់លោក។ នៅពេលនោះចិនបានបញ្ជាទិញយន្ដហោះ Boeing ៣០០គ្រឿង ក្នុងទំហំទឹកប្រាក់ ៣៧ពាន់លានដុល្លារ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។