ជប៉ុន ធ្លាក់ចុះចំនួនប្រជាជនអស់ ៣លាននាក់ ក្នុងរយៈពេល៥ឆ្នាំ

ទិន្នន័យបឋមនៃការធ្វើជំរឿនឆ្នាំ២០២៥ បានឱ្យដឹងថាចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះ ២.៥ភាគរយ ក្នុងរយៈពេល៥ឆ្នាំមកនេះ ខណៈមហាអំណាចសេដ្ឋកិច្ចលេខ៤ នៅលើពិភពលោកមួយនេះកំពុងប្រឹងប្រែងទប់ស្កាត់ការធ្លាក់ចុះចំនួនប្រជាជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK។

NHK ដោយផ្អែកលើទិន្នន័យជំរឿនបឋមមួយចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ជប៉ុនមានប្រជាជនចំនួន ១២៣ ០៤៩ ៥២៤នាក់ ពោលធ្លាក់ចុះអស់ ២.៥ភាគរយ ឬបាត់ប្រជាជនអស់ ៣លាននាក់ បើធៀបទៅនឹងការធ្វើជំរឿនកាលពីឆ្នាំ២០២០។ នេះជាតួលេខចុងក្រោយបំផុតដែលបង្ហាញពី ការធ្លាក់ចុះចំនួនប្រជាជន ៣លើកជាប់ៗគ្នា ចាប់តាំងពីជប៉ុនកត់ត្រាការធ្លាក់ចុះចំនួនប្រជាជនជាលើកដំបូងក្នុងឆ្នាំ២០១៥។ ជប៉ុនបានដឹកនាំការធ្វើជំរឿនថ្នាក់ជាតិជារៀងរាល់ ៥ឆ្នាំម្ដង ចាប់តាំងពីឆ្នាំ១៩២០មក។

គួរបញ្ជាក់ថា បើតាមទិន្នន័យជំរឿនខាងលើដដែល ក្នុងចំណោមខេត្តទាំង៤៧របស់ជប៉ុន មានតែ Tokyo និង Okinawa ប៉ុណ្ណោះដែលកត់ត្រាពីការកើនឡើងចំនួនប្រជាជន ទោះក្នុងកំណើនយឺតយ៉ាវក៏ដោយ។ ចំណែក ខេត្តនៅសល់ទាំង៤៥ បានមើលឃើញពីការធ្លាក់ចុះចំនួនប្រជាជន ហើយក្នុងនោះ Hokkaido មានចំនួនប្រជាជនធ្លាក់ចុះច្រើនជាងគេ បំផុត។ ទិន្នន័យជំរឿងចុងក្រោយត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២៦៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close