ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះពិនិត្យនៅមណ្ឌលរាជធានីភ្នំពេញផ្ទាល់ នៃដំណើរការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីយោធាឆ្នាំ២០១៩

ភ្នំពេញ៖ ក្រសួងការពារជាតិ បានចាប់ផ្ដើមដំណើរការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោធភូមិភាគនីមួយៗ នៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ។ ការប្រឡងនេះ ផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។ សម្រាប់ក្របខ័ណ្ឌទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡង សរុបចំនួន៨,៣៥២នាក់ ស្រី៣,២៧០នាក់ ក្នុងបែងចែកជា៣៥៦បន្ទប់។

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការពារជាតិ បានបញ្ជាក់ថា មណ្ឌលប្រឡងនៅទូទាំងប្រទេស រួមមាន៖

ទី១៖មណ្ឌលប្រឡងរាជធានីភ្នំពេញ

ទី២៖មណ្ឌលប្រឡងយោធភូមិភាគទី១ (ខេត្តស្ទឹងត្រែង)

ទី៣៖មណ្ឌលប្រឡងយោធភូមិភាគទី២ (ខេត្តកំពង់ចាម)

ទី៤៖មណ្ឌលប្រឡងយោធភូមិភាគទី៣ (ខេត្តកំពត)

ទី៥៖មណ្ឌលប្រឡងយោធភូមិភាគទី៤ (ខេត្ដសៀមរាប)

និងទី៦៖មណ្ឌលប្រឡងយោធភូមិភាគទី៥ (ខេត្តបាត់ដំបង)។

ជាក់ស្ដែង សម្រាប់ដំណើរការប្រឡងនៅព្រឹកនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ ក៏បានចុះធ្វើការត្រួតពិនិត្យផ្ទាល់តែម្ដង នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅវិទ្យាល័យបាក់ទូក។

ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡងនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ រឹតបន្តឹងវិន័យប្រឡង ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ច ចូលមណ្ឌលប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធាដែលពាក់ផ្កាយពីរ ផ្កាយបីផងដែរ។

ការដាក់បំរាមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីបានសង្កេតឃើញថា ការប្រឡងបណ្ដាឆ្នាំកន្លងទៅ មានមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គ្មានភារកិច្ចក្នុងការប្រឡងបានជូនកូន ក្មួយ ឬសាច់ញាតិ ចូលក្នុងមណ្ឌលប្រឡង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្ស និងផ្សេងមិនឲ្យមានការអន្តរាគមន៍ និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គល ត្រូវមានមនោសញ្ចេតនាទូទៅ ដោយការប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅក្នុងការដឹកនាំ និងដំណើរការនៃការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដែលផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close