សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ ធនាគារ​ ​BRIDGE​ ​ចុះ​ ​MoU​ ​ជំរុញ​ហិរញ្ញប្បទាន​គាំទ្រ​ការ​នាំចេញ​ផលិតផល​កសិកម្ម​ ​និង​ឧស្សាហកម្ម​កែច្នៃ​កសិផល​កម្ពុជា​

​(​ភ្នំពេញ​) ​៖ ​សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.​ព.ក​) ​និង​ ធនាគារ​ ​BRIDGE​ ​បាន​ចុះហត្ថលេខា​លើ​ ​អនុស្សរណៈ​យោគយល់​ ​ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការ​គាំទ្រ​ហិរញ្ញប្បទាន ​សម្រាប់​ ​វិស័យ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ ​និង​ឧស្សាហកម្ម​កែច្នៃ​កសិផល ​ដើម្បី​រួមចំណែក​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​អ្នកនាំចេញ​កម្ពុជា​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចីរភាព​។

​តាមរយៈ​អនុស្សរណៈ​យោគយល់​នេះ​ ភាគី​ទាំង​ពីរ​នឹង​សហការ​គាំទ្រ​ដល់​ការ​ពង្រឹង​ការ​នាំចេញ​ផលិតផល​កសិកម្ម​ និង​ផលិតផល​កែច្នៃ​កសិផល​សំខាន់​ៗ​របស់​កម្ពុជា​ ​រួមមាន​ ​អង្ករ​, ​គ្រាប់​ស្វាយចន្ទី​, ​ពោត​, ​ដំឡូង​មី​, ​និង​ ​ស្វាយ​ ​ព្រមទាំង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​រោងចក្រ​កែច្នៃ​ពាក់ព័ន្ធ​។​ កិច្ចសហការ​នេះ​មាន​គោលដៅ​ជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នកនាំចេញ​ក្នុង​ការ​ចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​និង​ទទួលបាន​ឱកាស​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​។​

​ក្រោម​ភាព​ជាដៃគូ​នេះ​ ធនាគារ​ ​BRIDGE​ ​នឹង​សហការ​ជាមួយ​ សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ផ្តល់​ជូន​ ​ឥណទាន​ដែល​តម្រូវ​តាម​តម្រូវការ​របស់​អ្នកនាំចេញ​ ​លើស​ពី​នេះ​ ភាគី​ទាំង​ពីរ​នឹង​សម្របសម្រួល​ការ​ទទួលបាន​ឥណទាន​សម្រាប់​អ្នកនាំចេញ​ដែល​មាន​សិទ្ធិ​ ​ស្រប​តាម​លក្ខខណ្ឌ​ ​និង​នីតិវិធី​ដែល​បាន​ព្រមព្រៀង​។ ​កិច្ចខិតខំប្រឹងប្រែង​នេះ​មាន​គោលបំណង​ជួយ​បន្ថយ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​បង្កើន​លទ្ធភាព​ឲ្យ​អាជីវកម្ម​នាំចេញ​អាច​ពង្រីក​ប្រតិបត្តិការ​ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព​។

​លោកស្រី​ ​គឹម​ ​ស្រី​រ័ត្ន ​នាយក​ប្រតិបត្តិ ​ស.​ព.​ក ​បាន​មានប្រសាសន៍​ថា​៖​ “​អនុស្សរណៈ​យោគយល់​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​រួម​រវាង​ ស.​ព.​ក ​និង​ ធនាគារ​ ​BRIDGE​ ​ក្នុង​ការ​គាំទ្រ​អ្នកនាំចេញ​កម្ពុជា​ ​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​ ​និង​ឧស្សាហកម្ម​កែច្នៃ​កសិផល​។ ​យើង​ជឿជាក់​ថា​ ​ការ​សម្របសម្រួល​ផ្នែក​ហិរញ្ញប្បទាន​ ​និង​ការ​ចែករំលែក​ចំណេះដឹង​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ និង​បើក​ទូលាយ​ ​ឱកាស​ថ្មី​ៗ​សម្រាប់​ផលិតផល​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​”​។​

​លោក​ ​Richard​ ​Liew​ ​នាយក​ប្រតិបត្តិ ​នៃ​ធនាគារ​ ​BRIDGE​ ​បាន​មានប្រសាសន៍​ថា​ “​ធនាគារ​ ​BRIDGE​ ​មាន​មោទកភាព​ដែល​បាន​ចូលរួម​ជា​ដៃគូ​ជាមួយ​ ស.​ព.​ក ​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​នាំចេញ​របស់​កម្ពុជា​។ ​តាមរយៈ​ដំណោះស្រាយ​ហិរញ្ញប្បទាន​ដែល​បត់បែន ​និង​សមស្រប​តាម​តម្រូវការ​ ​យើង​មាន​បំណង​ជួយ​ដល់​អាជីវកម្ម​នាំចេញ​ឲ្យ​មាន​លទ្ធភាព​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​ ​សម្រាប់​ការ​រីកចម្រើន​ និង​ការ​ពង្រីក​ទីផ្សារ​”​។​

​អនុស្សរណៈ​យោគយល់​នេះ​ឆ្លុះបញ្ចាំង​ពី​ចក្ខុវិស័យ​រួម​របស់​ភាគី​ទាំង​ពីរ​ ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការ​នាំចេញ​ឲ្យ​កាន់តែ​រឹងមាំ​ តាមរយៈ​ការ​គាំទ្រ​ហិរញ្ញប្បទាន ​ការ​អភិវឌ្ឍ​សមត្ថភាព​ ​និង​ការ​សហការ​ដែល​មាន​ន័យ​ជាក់ស្តែង​សម្រាប់​អ្នកនាំចេញ​កម្ពុជា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close