មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ៖ ជំនួបសម្ដេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំរុស្ស៊ី ផ្ដោតលើវិស័យគន្លឹះ៣ និងពង្រឹងគោលនយោបាយការបរទេស
រាជធានីភ្នំពេញ ៖ ជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យយុទ្ធសាស្ត្រចំនួន៣ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការថ្លែងឱ្យដឹងពី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
សន្និសីទនេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានដឹកនាំគណៈប្រតិភូមកដល់មាតុភូមិវិញ ប្រកបដោយជោគជ័យ ក្រោយចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី លើកទី៣៥ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។
បើតាម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ នៅក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល និងទំនុកចិត្តខ្ពស់នោះ មេដឹកនាំទាំងពីរបានពិភាក្សាលើ ១.កិច្ចសហប្រតិបត្តិការនយោបាយ និងការទូត, ២.ពាណិជ្ជកម្ម កសិកម្ម និងថាមពល (សម្តេចធិបតី បានស្នើឱ្យរុស្ស៊ីពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី – EAEU) និង ៣.ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (បន្តកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ សុខាភិបាល កសិកម្ម និងថាមពល)។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា ជំនួបជាប្រវត្តិសាស្ត្រនេះបានស្តែងឱ្យឃើញនូវតម្លៃស្នូលចំនួន៣ រួមមាន៖ តម្លៃនៃចំណងមិត្តភាពប្រវត្តិសាស្ត្រ (គុណភាពទំនាក់ទំនង ៧០ឆ្នាំ) រុស្ស៊ីតែងតែឈរជើងជាមួយកម្ពុជា ជាពិសេសក្នុងទសវត្សរ៍ឆ្នាំ៨០។ និមិត្តរូបនៃមិត្តភាពនេះ រួមមានការបណ្តុះបណ្តាលនិស្សិតខ្មែរជាច្រើនជំនាន់ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាជំនួយតាំងពីឆ្នាំ១៩៦០។ ការសម្លឹងមើលទៅអនាគតរួមគ្នា៖ ជាឱកាសថ្មីក្នុងការស្វែងរកផលប្រយោជន៍ជាក់ស្តែង បម្រើដល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ សារនយោបាយការបរទេសច្បាស់លាស់៖ ជំនួបនេះឆ្លុះបញ្ចាំងពីជំហររឹងមាំរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការ «ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី»។ នេះជាការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងប្រកបដោយតុល្យភាព ចំពេលដែលស្ថានភាពពិភពលោកកំពុងមានភាពមិនប្រាកដប្រជា និងស្មុគស្មាញខ្លាំង។
ជំនួបទ្វេភាគីកាលពីថ្ងៃទី១៨ មិថុនា បានក្លាយជាជំហានដ៏មានសារៈសំខាន់មួយទៀត ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងភ្នំពេញ និងមូស្គូឱ្យកាន់តែស៊ីជម្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។