លោក នេត្រ ភក្ត្រា៖ សម្តីប្រមាថអ្នកព័ត៌មានរបស់ថ្នាក់ដឹកនាំគណបក្ស «ខ្មែរក្រោក» ជាការជាន់ឈ្លីសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ
ភ្នំពេញ៖ អតីតអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបលោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយចំពោះសម្តីប្រមាថមើលងាយរបស់គណបក្សខ្មែរក្រោក មកលើអ្នកព័ត៌មាន និងកាសែតរបស់កម្ពុជា។ លោក នេត្រ ភក្ត្រា ចាត់ទុកការប្រមាថនេះជាជាការជាន់ឈ្លីសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។
ប្រតិកម្មរបស់លោក នេត្រ ភក្ត្រា បានកើតមានឡើងបន្ទាប់ពីលោក ព្រំ ពិសិដ្ឋ តាមរយៈគណនី Facebook «គណបក្សខ្មែរក្រោក ភូមិភាគពិសស» បានប្រើសម្តីប្រមាថ មើលងាយយ៉ាងធ្ងន់ធ្ងរមកលើអ្នកព័ត៌មាន និងកាសែតកម្ពុជា។ ប្រធានកិត្តិយសបក្សរូបនេះ បានសរសេរលើ Facebook នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ថា «សម្ដេច ខឹងពួកអ្នកកាសែតជាង ៥,០០០នាក់ គ្មានចេះវាយប្រហារអាមេរិក? បើសមត្ថភាពមិនដល់ផងឲ្យវ៉ៃបកយ៉ាងម៉េច? កាសែតខ្ចប់ចេកចៀនហ្នឹង! Funny»។
តាមរយៈអង្គភាពសារព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ អតីតអ្នកព័ត៌មានល្បីឈ្មោះបោះសំឡេងនៅកម្ពុជារូបនេះ បានសម្តែងប្រតិកម្មទៅនឹង សម្តីរបស់លោក ព្រំ ពិសិដ្ឋ យ៉ាងដូច្នេះ «ពិតជាគួរឱ្យសោកស្តាយដែលប្រធានកិត្តិយស នៃគណបក្សនយោបាយមួយដែលអះអាងថា ខ្លួនមានសមត្ថភាពដឹកនាំប្រទេស ប៉ុន្តែបែរជាប្រមាថអ្នកសារព័ត៌មាន និងមើលងាយ មើលថោកសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ខណៈអ្នកសារព័ត៌មានបានជួយផ្សព្វផ្សាយព័ត៌មានពីបក្សរបស់ខ្លួន និងអ្នកសារព័ត៌មានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពជាតិ និងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា»។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ការប្រមាថរបស់គណបក្សខ្មែរក្រោកថា កាសែតខ្ចប់ចេកចៀន គឺគណបក្សនេះកំពុងដើរផ្ទុយពីការពិត និងមិនឱ្យតម្លៃនៃការខិតខំ ប្រឹងប្រែងរបស់អ្នកសារព័ត៌មាន។ លោកបានផ្តល់គំនិតឲ្យគណបក្សខ្មែរក្រោក គួរសុំទោសអ្នកសារព័ត៌មានកម្ពុជា ជាសាធារណៈជៀសជាងការចេញមកលុបលាង កំហុសដោយថា គណនី Facebook នេះ ជាគណនីក្លែងក្លាយដើម្បីដោះសារយករួចខ្លូន និងលាងជម្រះអត្តចរិតក្រអឺតក្រទម គ្មានសីលអម៌របស់ខ្លួន។
សូមបញ្ជាក់ថា ក្រៅពីលោក នេត្រ ភក្ត្រា នៅមានអ្នកព័ត៌មាននៅកម្ពុជាជាច្រើនទៀតកំពុងក្តៅក្រហាយ និងខឹងសម្បាចំពោះសម្តីឥតសីលធម៌របស់ប្រធានកិត្តិយសបក្ស ដែលមានប្រធានជាក្មេងមានប្រវត្តិមិនល្អរុំស្រោមដោយរឿងអាស្រូវបោកប្រាស់គេ និងវាយធ្វើបាបភរិយាជាដើម។
ភ្លាមៗក្រោយការប្រតិកម្មរបស់អ្នកព័ត៌មាន មេបក្សដែលមានប្រវត្តិជាក្មេងមិនល្អបានចេញមកច្រានចោល និងបដិសេធមិនទទួលស្គាល់គណនី Facebook ខាងលើ។ តែតាមការស្រាវជ្រាវទៅលើប្រវត្តិសកម្មភាពដែលបង្ហោះលើគណនីមួយនេះ បានបង្ហាញថា វាជារបស់លោក ព្រំ ពិសិដ្ឋ ប្រធានកិត្តិយសខ្មែរក្រោក។
ភស្តុតាងដែលអាចបញ្ជាក់បានយ៉ាងច្បាស់នោះ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ព្រំ ពិសិដ្ឋ បានផ្សាយផ្ទាល់លើគណនីមួយនេះដោយនិយាយ ពីការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ការផ្សាយផ្ទាល់បែបនេះ មិនមានជនដទៃណាមួយអាចមកធ្វើបាននោះឡើយ ក្រៅតែពីម្ចាស់គណនីផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។