រឹតបន្តឹងច្បាប់ជលផល! ក្រសួងកសិកម្ម ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនេសាទ

(ភ្នំពេញ) ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការការពារធនធានធម្មជាតិ និងការបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសជលផល។ វិធានការរឹតបន្តឹងច្បាប់យ៉ាងម៉ឺងម៉ាត់ ដែលផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងការសិក្សាពីផលស្តុកជលផលនេះ ត្រូវបានរំពឹងថានឹងក្លាយជាឧបករណ៍គតិយុត្តដ៏មានឥទ្ធិពល ក្នុងការលុបបំបាត់បទល្មើសនេសាទ ធានាសន្តិសុខស្បៀង និងការពារសត្វជលផលកម្រៗរបស់កម្ពុជាឱ្យបានគង់វង្ស។

នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា ក្រសួងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្អែកលើការអនុវត្តច្បាប់ជាចំបងកន្លងមក គឺជារំកិលដ៏សំខាន់ដែលបាននាំឱ្យផលនេសាទនៅក្នុងប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អគ្គនាយកដ្ឋានជលផល កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សហគមន៍នេសាទ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់មហាជនក្នុងការបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ដែលជាចំណែកមួយយ៉ាងធំធេងក្នុងការធ្វើឱ្យផលជលផលកើនឡើង។

ទន្ទឹមនឹងវឌ្ឍនភាពនេះ ឯកឧត្តម ឌិត ទីណា ក៏បានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យមោទនៈក្នុងការការពារ និងអភិរក្សធនធានជលផលកម្រ ដោយក្នុងរយៈពេលជិតមួយឆ្នាំកន្លះចុងក្រោយនេះ កម្ពុជាមិនមានអត្រាសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារបទល្មើសនេសាទឡើយ។ ជាងនេះទៅទៀត យើងក៏សង្កេតឃើញមានការវិលត្រឡប់នៃសត្វជលផលកម្រៗដូចជា សត្វជ្រូកទឹក សត្វផ្សោតក្បាលត្រឡោក និងសត្វផ្សោតឃ្លាច មកកាន់ដែនសមុទ្រនៃប្រទេសកម្ពុជាវិញផងដែរ ដែលនេះបង្ហាញពីសញ្ញាវិជ្ជមាននៃប្រព័ន្ធអេកូឡូស៊ីជលផល។

ចំពោះការអនុវត្ត និងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល រួមទាំងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មីនេះ គឺត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងការសិក្សាយ៉ាងច្បាស់លាស់ស្តីពីការវិវត្តន៍នៃផលស្តុកជលផល។ យន្តការច្បាប់ទាំងនេះ នឹងជួយបន្ថែមក្នុងការធានាសន្តិសុខស្បៀង ស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាពធនធានធម្មជាតិសម្រាប់យូរអង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close