ក្រសួងពាណិជ្ជកម្មបើកការស៊ើបអង្កេត ករណីទាក់ទងការទារប្រាក់សំណូកពីវិនិយោគិនជប៉ុន

ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសថា កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងម៉ត់ចត់ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធនឹងការទារប្រាក់សំណូកចំនួន ១.០០០ដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគជប៉ុនមួយ។ ក្រសួងបញ្ជាក់ថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ ព្រមទាំងសហការជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា។

ការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មធ្វើ​ឡើងបន្ទាប់ពីកាសែត The Japan Times បានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី៧ ខែកក្កដា ថាអាជ្ញាធរជប៉ុនបានចោទប្រកាន់ក្រុមហ៊ុន Fujipassc និងបុគ្គលិកចំនួន ៣នាក់របស់ខ្លួន ពីបទផ្ដល់សំណូកដល់មន្ដ្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ប្រមាណ ១.០០០ដុល្លារ។ ការផ្ដល់សំណូកនេះត្រូវបានលើកឡើងថា មានគោលបំណងពន្លឿននីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុននៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២១។

បើតាម​ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះ ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធនានា ត្រូវបានអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលជាវិធានការមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព សម្រួលនីតិវិធីឲ្យលឿនរហ័ស លើកកម្ពស់តម្លាភាព និងកាត់បន្ថយហានិភ័យនៃការទារប្រាក់ក្រៅផ្លូវការ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចំពោះករណីនេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាពុករលួយ និងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។ ទោះជាយ៉ាងណា លោកក៏បានលើកឡើងអំពីភាពប្រញាប់ប្រញាល់ក្នុងការដោះស្រាយបញ្ហានេះថា ប្រសិនបើការដោះស្រាយមិនបានទាន់ពេលវេលា ឬមិនស័ក្ដិសមនោះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះកម្ពុជា និងអាចធ្វើឲ្យវិនិយោគិនបរទេសបាត់បង់ទំនុកចិត្ត ជាពិសេសទាក់ទងនឹងសក្ដានុពលទាក់ទាញការវិនិយោគពីជប៉ុនក្នុងពេលអនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close