ស្ថានទូតចិនបដិសេធទាំងស្រុង ចំពោះរបាយការណ៍កាសែតជប៉ុន ដែលថាមានគ្រូពេទ្យចិនមកវះកាត់ប្តូរតម្រងនោមនៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញមុខទាត់ចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានជប៉ុន *Yomiuri Shimbun* ដែលបានរាយការណ៍ថា មានគ្រូពេទ្យជនជាតិចិនចូលរួមក្នុងប្រតិបត្តិការវះកាត់ប្តូរតម្រងនោមខុសច្បាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងភ្នំពេញ។

លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ខាងស្ថានទូតបានធ្វើការផ្ទៀងផ្ទាត់ផ្ទាល់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា រួចរាល់ហើយ។ លទ្ធផលនៃការពិនិត្យបង្ហាញថា **“គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ ធ្លាប់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅក្នុងមន្ទីរពេទ្យនេះឡើយ”**។ ស្ថានទូតចិនបានចាត់ទុករបាយការណ៍របស់កាសែតជប៉ុនមួយនេះថា ជាព័ត៌មានក្លែងក្លាយទាំងស្រុង (Fake News)។

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ កាសែតជប៉ុន *Yomiuri Shimbun* បានចុះផ្សាយថា អាជ្ញាធរជប៉ុនបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំសេវាវះកាត់ប្តូរតម្រងនោមខុសច្បាប់ ឱ្យទៅអ្នកជំងឺជនជាតិជប៉ុនម្នាក់ កាលពីដើមឆ្នាំ២០២៦។

នៅក្នុងប្រភពដដែលនោះ បានចោទប្រកាន់ថា ប្រតិបត្តិការវះកាត់នេះត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យជនជាតិចិន ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យយោធាមួយ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ (សំដៅលើមន្ទីរពេទ្យព្រះកេតុមាលា) ទើបធ្វើឱ្យមានការចេញមុខបកស្រាយបំភ្លឺភ្លាមៗពីសំណាក់ឯកអគ្គរដ្ឋទូតចិនតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close