អ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ត្រូវជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាព

ក្រសួងបរិស្ថានបាន​ឱ្យដឹងថា រហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរណ៍ ចំនួន ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំង​ជា​បន្ត​បន្ទាប់​បណ្តាល​ឱ្យមានទឹកហូរធ្លាក់​ពីលើតំបន់​ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យ​មានការ​លំបាក​ដល់បងប្អូន​ភ្ញៀវទេសចរ​ឡើង និង​ចុះ​ពីលើតំបន់ទេសចរណ៍ខ្នងផ្សារ។

ដើម្បីធានាសុវត្ថិភាព និង​បង្ការ​នូវគ្រោះថ្នាក់​ជាយថាហេតុ នៅថ្ងៃនេះដែរ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានចេញប្រកាស​មួយ ដោយ​ធ្វើការ​សំណូមពរ​ដល់ភ្ញៀវទេសចរ បងប្អូន​ប្រជាពលរដ្ឋ និង​សមាគមន៍ទេសចរណ៍ទាំងអស់ ដែលមាន​បំណងអញ្ជើញ​ទៅកម្សាន្ត​នៅ​តំបន់ទេសចរណ៍ខ្នងផ្សារ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់​ចំពោះស្ថានភាព​ទឹកភ្លៀងដែល​កំពុងធ្លាក់ខ្លាំង។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយក្រសួងប្រាប់ឲ្យអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close