ក្រសួងធនធានទឹក ព្រមានពីភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រកម្ពស់ជិត ២ម៉ែត្រ និងជំនន់ទឹកភ្លៀងនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ កក្កដា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងអាសន្ន ស្ដីពីស្ថានភាពធាតុអាកាសនៅតំបន់មាត់សមុទ្រ និងតំបន់ជួរភ្នំ ដោយសារតែឥទ្ធិពលនៃបាតុភូតព្យុះទី១២ ឈ្មោះ «ណូល» (Noul T2612) ដែលកំពុងមានការវិវឌ្ឍយ៉ាងលឿន និងបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី។

យោងតាមការបញ្ជាក់ពីក្រសួងជំនាញ បានឱ្យដឹងថា ចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តំបន់មាត់សមុទ្រ ដែលរួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ព្រមទាំងតំបន់ជួរភ្នំបូកគោ ជួរភ្នំក្រវ៉ាញ និងជួរភ្នំដងរែក នឹងមានភ្លៀងធ្លាក់បន្តបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលជាកត្តាប្រឈមអាចបង្កឱ្យកើតមាន «ជំនន់ទឹកភ្លៀង» នៅតាមតំបន់ងាយរងគ្រោះ។

ដោយឡែក ស្ថានភាពនៅលើផ្ទៃសមុទ្រវិញ ត្រូវបានព្យាករណ៍ថា នឹងមានខ្យល់បក់បោកខ្លាំង និងបង្កជា រលកសមុទ្រខ្ពស់ៗ ដោយកម្ពស់រលកមធ្យមអប្បបរមាមានប្រមាណ ០,៥០ ម៉ែត្រ និងកម្ពស់រលកមធ្យមអតិបរមាអាចកើនឡើងរហូតដល់ ១,៧៥ ម៉ែត្រ។

ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវយ៉ាងទទូចដល់ សាធារណជន ប្រជានេសាទ អ្នកធ្វើដំណើរតាមផ្លូវទឹក និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងក៏បានគូសបញ្ជាក់ផងដែរថា ក្រុមការងារជំនាញនឹងបន្តធ្វើការតាមដាន និងវិភាគយ៉ាងយកចិត្តទុកដាក់បំផុតលើស្ថានភាពធាតុអាកាសនេះ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលបន្ថែមទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close