ករណីសាឡាងកៀគ្នាជាមួយសាឡង់ដឹកខ្សាច់នៅស្វាយជ្រំ តំណាងកំពង់ចម្លងថា សាឡាងខ្លួនកៀបស្លាបចង្កូតមិនអាចបត់បាន

ករណីសាឡាងកំពង់ចម្លងជ្រោយចង្វារស្វាយជ្រំ កៀរជាមួយសាឡង់ដឹកខ្សាច់កាលពីវេលាម៉ោងប្រមាណ ១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ដែលធ្វើឱ្យមានការរិះគន់ចំពោះការមិនគូរពីជីវិតអ្នកដំណើរ ពេលនេះ តំណាងកំពង់ចម្លងបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យកើតមានករណីនេះ។
ក្នុងសេចក្តីបំភ្លឺដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃនេះ តំណាងកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានរៀបរាប់ថា មុនពេលកើតហេតុ ដោយទឹកហូរខ្លាំងនារដូវវស្សា មានគល់ឈើអណ្តែតហូរចូលកៀបស្លាបចង្កូត ធ្វើឱ្យចង្កូតគាំង ខាងកាណូតចម្លងបានព្យាយាម រយែថយ តែដោយសាឡង់ដឹកខ្សាច់ និងសាឡាងដឹកអ្នកដំណើរកៀកគ្នា ក៏បានកៀគ្នានឹងកន្ទុយក្រោយសាឡង់បូមខ្សាច់ បណ្តាលឱ្យភ្ញៀវដែលនៅលើសាឡាងមានការភិតភ័យយ៉ាងខ្លាំង។ ភ្លាមៗ ក្រុមការងារបានពិនិត្យទៅលើសុវត្ថិភាពភ្ញៀវ ជាសំណាងល្អ ភ្ញៀវទាំងអស់ពុំមានប៉ះពាល់ គ្រោះថ្នាក់ ឬរបួសស្នាមនោះឡើយ។
តំណាងកំពង់ចម្លងបញ្ជាក់ថា ក្រោយកើតហេតុ កំពង់ចម្លងក៏បានប្រជុំភ្លាមៗ ដើម្បីពិនិត្យកែលម្អបច្ចេកទេស បង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតមានឡើងវិញឡើយ ព្រមទាំងបានធ្វើការដោះស្រាយគ្នា ជាមួយភាគីសាឡង់បូមខ្សាច់ប្រកបដោយការយោគយល់ និងទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។